ដោយ: បូកគោ / កំពត: យុវតីម្នាក់ បានស្លាប់ដោយសាររថយន្តប្រភេទបែនដឹកដី បុកម៉ូតូពីក្រោយ ពេលធ្វើដំណើរនៅលើដងផ្លូវជាតិលេខ៣១។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។

មន្ត្រីនគរបាលចរាចរណ៍ ស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងថាៈ យុវតីដែលបាន ស្លាប់ ក្នុងករណីខាងលើ ឈ្មោះ ខុម វត្តី អាយុ ១៣ ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រភពដដែល បានរៀបរាប់ថាៈ កាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី២៦ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បានកើតឡើង នៅលើ ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៦-៣៧ បណ្តាលឱ្យយុវតីម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ មុនហេតុការណ៍កើតឡើង គេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីទិសខាងត្បូង ទៅខាងជើង។ ស្របពេលនោះ ស្រាប់តែមានរថយន្តបែនដឹកដី បើកមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន រួចបានរេ ចង្កូត បុកពេញទំហឹង បណ្តាលឱ្យកៀបម៉ូតូ ជាប់ពីក្រោមរថយន្ត ហើយអ្នកបើកបរ ម៉ូតូ ស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថាៈ ក្នុងស្ថានភាពបែបនោះ អ្នកបើកបររថយន្តបង្ក បានរត់គេចបាត់ ដោយបន្សល់ទុករថយន្ត ម៉ាក SHACMAN ប្រភេទបែន ចំណុះ ១៥ តោន ពណ៌ស ពាក់ស្លាកលេខ AT23.3-1247 នៅនឹងកន្លែង ។

ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យ តាមប្រពៃណី។ ចំណែកវត្ថុតាង ត្រូវបាននាំយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកបន្ទាយមាស រង់ចាំចាត់ការតាមនីតិវិធី៕ V / N