ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អតីតប្រធានាធិបតីតៃវ៉ាន់លោក ម៉ា យីង-ចូវ(Ma Ying-jeou)បានចាប់ផ្តើមដំណើរទស្សនកិច្ច១២ថ្ងៃនៅចិនកាលពីថ្ងៃចន្ទទី២៧មីនា នៅមួយថ្ងៃក្រោយពីកោះតៃវ៉ាន់បានរបូតសម្ពន្ធមិត្តមួយទៅខាងចិន។
អតីតមេដឹកនាំតៃវ៉ាន់រូបនេះកំពុងធ្វើទស្សនកិច្ចក្នុងលក្ខណៈឯកជន ដោយនាំគណៈប្រតភូមួយរួមមានសាស្ត្រាចារ្យនិងនិស្សិតសំរាប់ការផ្លាស់ប្តូរគណៈប្រតិភូរវាងគ្នាព្រមទាំងសមាជិកគ្រួសាររបស់លោក តែដំណើរនេះពោរពេញដោយន័យនយោបាយច្រើនជាង។
រំលឹកថា គោលនយោបាយរបស់លោកម៉ាបាននាំអោយចិននិងកោះតៃវ៉ាន់មានទំនាក់ទំនងជិតដិតបំផុត តែការចាកចេញពីមុខតំណែងរបស់លោកត្រូវបានញាំញីរដោយការប្រឆាំងតវ៉ាធំៗប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចិនដីគោក ហើយអ្នកស្នងតំណែងពីលោកបានផ្តោតលើការការពារស្វ័យភាពនៃកោះប្រជាធិបតេយ្យនេះ ដែលចិនអះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួន។
ចាប់តាំងពីប្រធានាធិបតីនិយមឯករាជ្យចូលកាន់តំណែង តៃវ៉ាន់ក៏នៅមិនសុខផងដែរ ដោយសារតែរដ្ឋាភិបាលទីក្រុងតៃប៉ិះគិតតែកៀរគរការគាំទ្រមកពីក្រៅជាពិសេសអាម៉េរិកហើយចិនគំរាមដោយពាក្យសម្តីនិងបញ្ជូនយន្តហោះនិងនាវាទៅកៀកកោះនេះជាប្រចាំ។
ដំណើររបស់លោកម៉ាកើតឡើងចំពេលមានកំណើននៃភាពតានតឹង។រដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើយុទ្ធនាការដាក់សម្ពាធលើតៃវ៉ាន់យូរមកហើយ ដោយដណ្តើមយកសម្ពន្ធមិត្តនៅសេសសល់តិចតួចពីតៃវ៉ាន់ និងបញ្ជូនយន្តហោះនិងនាវាចូលទៅកៀកកោះនេះជាប្រចាំ។កាលពីថ្ងៃអាទិត្យ ហុងឌូរ៉ាស បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយចិនប៉េកាំងបន្ទាប់ពីផ្តាច់ការទាក់ទងផ្លូវការពីរដ្ឋាភិបាលទីក្រុងតៃប៉ិះ។
លោកម៉ា ដែលជាសមាជិកគណបក្សប្រឆាំង កូមីនតាង(Kuomingtang)ជិះយន្តហោះទៅចុះនៅក្រុងសៀងហៃមុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងណានជីញក្បែរនោះ។លោកត្រូវរំពឹងថានឹងនៅចិនចាប់ពីថ្ងៃ២៧មីនា ដល់០៧មេសា ដោយឈប់សំចតនៅក្រុងអ៊ូហាននិងឆាងសា និងទីក្រុងដទៃទៀត។
លោកនាំនិស្សិតមហាវិទ្យាល័យពីតៃវ៉ាន់ទៅជួបនិសិត្សមកពីសកលវិទ្យាល័យហ្វ៊ូដាននៃក្រុងសៀងហៃ និងសកលវិទ្យាល័យហ៊ូណាននៃក្រុងឆាងសា។
លោកម៉ា ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជាការប៉ុនប៉ងបន្ថយភាពតានតឹងនៃទំនាក់ទំនងកាត់ច្រកសមុទ្រ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិត។ដំណើររបស់លោកម៉ាក៏ជាឳកាសអោយលោកអាចទៅគោរពផ្នូរសពជីដូនជីតា(ឆេងម៉េង)នៅថ្ងៃ០៥មេសា ៕
អតីតប្រធានាធិបតី ម៉ា យីង-ចូវ បក់ដៃនៅពេលលោកចេញដំណើរទៅចិន កាលពីថ្ងៃ២៧មីនា
លោកម៉ា ឆ្លើយទៅអ្នកកាសែតមុនចាកចេញពីតៃវ៉ាន់កាលពីថ្ងៃចន្ទ