រដ្ឋបាលខេត្ត​និង​ក្រសួង​ប្រកាស​ស្រដៀង​គ្នា​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការផលិត​ស្រាស​-​បរិភោគ​ស្រាស​ជាបន្ទាន់​

1277
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​,​ម៉េង​ឆៃ​/​ភ្នំពេញៈ រដ្ឋបាលខេត្ត​ក្រចេះ​និង​ក្រសួងសុខាភិបាល​បានប្រកាស​ស្រដៀង​គ្នា​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ បញ្ឈប់​ការផលិត​ស្រាស និង​បរិភោគ​ស្រាស​ជាបន្ទាន់​។ ការប្រកាស​នេះ គឺ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​នាក់​បាន​ស្លាប់ និង​ប្រមាណ ៥០​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារតែ​ទទួល​ទាន​ស្រាស កាលពី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្នួល​វត្ត​កើត និង​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

ពលរដ្ឋរងគ្រោះដែលបណ្តាលមកពីទទួលទានស្រាស

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តក្រចេះ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែកក្កដា នេះ បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ភូមិ​ស្នួល​វត្ត​កើត និង​ភូមិ​ស្នួល​វត្ត​លិច ស្រុក​ស្នួល ខេត្តក្រចេះ កើត​មាន​​ករណី​ពុល​ស្រាស​ដែល​បណ្តាល​ឲ្យ​មាន​អាការ​ថប់ដង្ហើម វិលមុខ ស្រវាំងភ្នែក អស់កម្លាំង​។ ករណីនេះ​កំពុង​សង្ស័យថា បណ្តាលមកពី​ប្រជាពលរដ្ឋ​បរិភោគ​ស្រាស ដែលមាន​ជាតិ​មេ​តា​ណុល​ខ្ពស់​។ ចំពោះមុខ​ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​គ្រោះថ្នាក់​បន្ថែមទៀត សូម​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ បញ្ឈប់​ការផលិត​ស្រាស និង​បរិភោគ​ស្រាស​ជាបន្ទាន់​។ បើសិន​នៅតែ​បន្ត​ការផលិត​ស្រាស​ត្រូវ​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។ ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តក្រចេះ សូម​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម ព្រមទាំង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី កម្លាំងប្រដាប់អាវុធ កម្លាំង​ជំនាញ ក្នុង​ការបង្ការ​ទប់ស្កាត់​ការពុល​ស្រាស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ផ្តល់​ព័​ត៍​មាន​ជាបន្ទាន់​ជូន​ភ្នាក់ងារ​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែល​កំពុង​ឈរជើង​ក្នុងភូមិ​សាស្ត្រ​នោះបាន​ទាន់ពេលវេលា​។​

​ចំណែក​ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការបញ្ជូន​ក្រុមការងារ​ថ្នាក់​ដឹក​ជាតិ មួយក្រុម ចុះជួយ​អន្តរាគមន៍​ជាបន្ទាន់ ដើម្បី​ធ្វើការ​អង្កេត​ស្រាវជ្រាវ ស្តីពី ព្រឹត្តិការណ៍​ប្រជាជន​ឈឺ និង​ស្លាប់ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។ ជា​លទ្ធផល ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នកពុល​ស្រាស ដែលមាន​សារធាតុ​មេ​តា​ណុល ស្លាប់ ចំនួន​បីនាក់ និង​ឈឺ​ចូល​ពេទ្យ ចំនួន ៦៣ នាក់ គិត​ចាប់ពី​ថ្ងៃទី​១២ ខែកក្កដា ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១៥ ខែកក្កដា បង្ហាញថា កើតឡើង​បី​ករណី នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែកក្កដា នៅ​ស្រុក​ស្នួល ខេត្តក្រចេះ រួមមាន​៖ ១-​ព្រឹត្តិការណ៍​ទី​១. កើតឡើង​នៅ​ភូមិរ​វៀង​មានជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ មានកម្ម​វិធី​ពិសារ​អាហារ​ជុំគ្នា ដោយមាន​អ្នក​ពិសារ​ស្រាស ចំនួន ១២​នាក់ ( ស្រី ៣​នាក់ ) នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១ រសៀល​។ ករណី​ពុល​ស្រាស ក្រោយពី​ពិសារ​អាហារ​ជុំគ្នា នៅ​ភូមិ​រវៀង​មានជ័យ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នក​ឈឺ ១២​នាក់ និង​ស្លាប់ ៣​នាក់​។ ២-​ព្រឹត្តិការណ៍​ទី​២. នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ៨​ព្រឹក មាន​ហេតុការណ៍​កើតឡើង​នៅ​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ខេត្តក្រចេះ ដោយមាន​អ្នកចូលរួម ហើយ​ពិសារ​ស្រាស ចំនួន ៤៨ នាក់ ( ស្រី ១៣​នាក់ ) នៅក្នុង​កម្មវិធី​បុណ្យសព​អ្នកស្លាប់​ទី​១ ដោយសារ​ពុល​ស្រាស​។ ករណីនេះ មាន​អ្នក​ឈឺ ៤៨ នាក់​។ ៣-​ព្រឹត្តិការណ៍​ទី​៣. កើតឡើង​នៅ​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​អ្នកចូលរួម​ពិសារ​ស្រាស ចំនួន ១៤​នាក់ ( ស្រី ៤​នាក់ ) នៅក្នុង​កម្មវិធី​សែនអ្នកតា នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ៦ ល្ងាច​។ ករណីនេះ មាន​អ្នកពុល​ស្រាស ឈឺ​ចំនួន បីនាក់​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​មន្ទីរពេទ្យ​ខេត្តក្រចេះ និង​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែកក្កដា មាន​ចំនួន ៧៣​នាក់ ដែល​ក្នុងនោះ មាន​អ្នកជំងឺ​ពុល​ស្រាស សរុប​ចំនួន ៦២​នាក់ ( ស្រី ១៩​នាក់ ) ហើយ​ក្នុងនោះ មាន​អ្នកជំងឺ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចំនួន ១១​នាក់ ( ស្រី ២​នាក់ )​។​
​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នក​ចូល​សម្រាក​ពេទ្យ​ខាងលើ​ទាំងអស់ មាន​រោគសញ្ញា ដូចតទៅ អស់កម្លាំង ណែន​ទ្រូង ឈឺក្បាល ព្រិល​ភ្នែក បាត់បង់​ស្មារតី វិលមុខ ឈឺពោះ រាករូស ក្អួតចង្អោរ​។​

​ជាការ​សន្និដ្ឋាន ក្រសួងសុខាភិបាល បានប្រកាសថា “​ផ្អែកលើ​ប្រវត្តិ​នៃ​ការ​ពិសារ​ស្រាស ដែល​ផលិត​មិន​ត្រឹម​ត្រូវ រោគសញ្ញា និង​ទិន្នន័យ​ដែល​ទទួលបាន​ពី​ការអង្កេត ក្រុមការងារ​សុខាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ​ករណី​ពុល​ស្រាស នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​សន្និដ្ឋានថា អ្នក​ឈឺ និង​អ្នកស្លាប់ ក្នុង​ព្រឹត្តិការណ៍​រៀបរាប់​ខាងលើនេះ គឺ​បណ្តាលមកពី “​ពុល​ស្រាស ដែលមាន​សារធាតុ​មេ​តា​ណុល​”​។​

​ជាមួយនឹង​ការអង្កេត​ស្រាវជ្រាវ​ខាងលើនេះ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​វិធានការ ដែល​បាន​ដាក់ចេញ ដោយ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​បញ្ឈប់​ការ​ពិសារ​ស្រាស ដែល​ផលិត​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ចុះ​អប់រំ​សុខភាព និង​អនាម័យ​ចំណីអាហារ បន្ត​តាមដាន​ស្ថានភាព​ជំងឺ បន្ត​អង្កេត​ស្រាវជ្រាវ និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព ជាពិសេស​សង្ស័យថា​ពុល​ស្រាស ត្រូវ​មក​ពិនិត្យ​សុខភាព នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​។​

​ជាមួយគ្នា​នោះ ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា ក្រុមការងារ​សុខាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ចុះ​ស្រាវ​ជ្រាវ​ករណី​ពុល​ស្រាស ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រឹតបន្តឹង​ការត្រួតពិនិត្យ​ក្នុង​ការផលិត ការចែក​ចាយ និង​ការលក់​ស្រាស ជាប្រចាំ រួមសហការ​ក្នុងការ​អប់រំ ដើម្បី​បញ្ឈប់​ការ​ពិសារ​ស្រាស ដែល​ផលិត​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ បញ្ឈប់​ការផលិត និង​ការ​ចែកចាយ ស្រាស ដែល​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស និង​រឹតបន្តឹង​ការត្រួតពិនិត្យ​ដោយ​ហ្មត់ចត់​នៅតាម​ច្រកចេញចូល នូវ​ផលិតផល​ស្រាស និង​សារធាតុ​សម្រាប់​ផលិត​ស្រាស​ខុសពី​បច្ចេកទេស​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម