ដោយ:សុផល/ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតកាលពីថ្ងៃ ទី១១ខែមីនាឆ្នាំ២០២៣។ច្បាប់នេះបានកំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ចៃកានាថ្ងៃទី២៧ខែមីនាបានឱ្យដឹងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនបានរួមសហការអនុវត្តគម្រោងជាបន្តបន្ទាប់លើការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ហើយក្នុងនោះសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវបានផ្ដួចផ្ដើមនិងគាំទ្រក្នុងជំហានដំបូងតាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជនកម្ពុជា (ជំហានទី៣) ដែលបានអនុវត្តចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតដើម្បីលើកកម្ពស់សុខភាពសាធារណៈនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងត្រូវឈរលើគោលការណ៍ដូចខាងក្រោម៖
– ធ្វើឱ្យមានតម្លាភាពនិងសមធម៌ក្នុងការផ្តល់សេវាផ្គត់ផ្គងទឹកស្អាត
– ធ្វើឱ្យមានសមភាពនិងមិនមានការរើសអើងរវាងអ្នកផ្តល់សេវានិងអ្នកទទួលសេវាផ្គត់ផ្គងទឹកស្អាត
– លើកទឹកចិត្តដល់វិនិយោគិនជាតិនិងអន្តរជាតិឱ្យចូលរួមវិនិយោគក្នុងវិស័យទឹកស្អាត
– ផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដោយឈលើលក្ខខណ្ឌ៤យ៉ាងគឺ ទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។

ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត គឺជាច្បាប់លើកដំបូងរបស់កម្ពុជាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងត្រូវបានគិតគូរយ៉ាងហ្មត់ចត់ក្នុងដំណាក់កាលរៀបចំសេចក្តីព្រាងច្បាប់ នេះ។

JICA គឺជាដៃគូអភិវឌ្ឍដ៏យូរអង្វែងលើវិស័យទឹកស្អាតនៅកម្ពុជា, រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារJICA នឹងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីឱ្យ សម្រេចបាននូវការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា៕សរន / N