ដោយៈ គង់ហេង/ កំពង់ចាម៖ បើគ្មានអ្វីប្រែប្រួលទេ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង មួយខ្សែ នៅស្រុកស្ទឹងត្រង់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការនៅព្រឹកថ្ងៃទី ២៧ ខែមីនាបានអញ្ជើញពិនិត្យសមិទ្ធផលនានាមាន អគាររង់ចាំក្នុងមណ្ឌលសុខភាពដងក្តារមួយខ្នង និងផ្ទះគ្រូបង្រៀនមួយខ្នង ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចហ៊ុន សែន ដងក្តារ ស្រុកស្ទឹងត្រង់។

ប្រភពបានបន្តថារួមទាំងការពិនិត្យទីតាំងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងប្រមាណ បីគីឡូម៉ែត្រ ក្នុងភូមិសាស្រ្តឃុំដងក្តារ ស្រុកស្ទឹងត្រង់នេះ ដែលគ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងបើកការដ្ឋានសាងសង់ រួមគ្នាក្នុងថ្ងៃទី ១០ មេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់បណ្ឌិត ហ៊ុន ម៉ាណែត៕សរន