ដោយ៖ ដេប៉ូ / ភ្នំពេញ៖ «អាទិភាពការងាររបស់អង្គការ IUCN គឺពិតជាមាន ភាពស៊ីសង្វាក់គ្នា ជាមួយអាទិភាពជាយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន ហើយជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងអង្គការ IUCN នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដោយឈរលើមូលដ្ឋាន នៃអាទិភាព ទាំងនេះ»។ នេះជាការថ្លែងបញ្ចាក់ពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
គួរបញ្ជាក់ថា ការថ្លែងពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បែបនេះ ធ្វើឡើងក្នុងចំនួបពិភាក្សាការងារ ជាមួយលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការ គួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រតិភូអង្គការ IUCN បានលើកឡើងពីអាទិភាពការងារថ្មីៗ របស់អង្គការ រួមមាន គម្រោងការពារ និងស្ដារទឹកក្រោមដី នៅក្នុងអនុតំបន់មេគង្គ គម្រោងអភិរក្ស និង ជំរុញអេកូទេសចរណ៍ នៅឧទ្យានជាតិវីរៈជ័យ និងគម្រោងអនុវត្តក្របខណ្ឌអនុសញ្ញា ស្ដីពីជីវៈចម្រុះ។
លោក រដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូអង្គការ IUCN ក្នុងពិធីនេះដែរថាៈ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសច្រើនជាងមុន ក្នុងកិច្ចការងារបរិស្ថាន ហើយការលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន គឺជាចំណុចយុទ្ធសាស្ត្រ សម្រាប់ការការពារធនធាន ធម្មជាតិ និងការអភិរក្សជីវៈចម្រុះ៕/V/R