​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​សិស្ស​ប្រដាប់អាវុធ​ម្នាក់​បាន​សម្លាប់​កុមារ​បីនាក់​និង​បុគ្គលិក​សិក្សា​បី​នាក់​នៅក្នុង​អ្វី​ដែល​មើលទៅ​ដូច​ជា​ការវាយប្រហារ​ដែលបា​ន​គ្រោង​ទុក​ដោយ​​ប្រុងប្រយ័ត្ន​នៅ​សាលាបឋមសិក្សា​ឯកជន​មួយ​ក្នុង​ទីក្រុង​ណាស​វី​ល (Nashville)​រដ្ឋ​ថិ​ន​ណេ​ស៊ី កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា មុនពេល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​។​

​លោក ច​ន ដ្រេក (John Drake) មេ​ប៉ូលិស​ក្រុង បានកំណត់​ជនសង្ស័យ​ឈ្មោះ អូ​ដ្រេ ហ៊ែ​ល (Audrey Hale) ភេទ​ស្រី​អាយុ ២៨ ឆ្នាំ​ដែល​ក្រោយមក​ក្រុម​មន្ត្រី​និយាយថា​ត្រូវ​បាន​កំណត់​​អត្តសញ្ញាណ​ថា​ជា​ជន​កែ​ភេទ​។​

ជនសង្ស័យ​ឈ្មោះ អូ​ដ្រេ ហ៊ែ​ល ភេទ​ស្រី​អាយុ ២៨ ឆ្នាំ​ដែល​ក្រោយមក​ក្រុម​មន្ត្រី​និយាយថា​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ជន​កែ​ភេទ​

​មេ​ប៉ូលិស​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​ការផ្ទុះ​អំពើហិង្សា​ដោយ​កាំភ្លើង​ចុងក្រោយ​ដែល​អង្រួន​សហរដ្ឋ​អាម៉េរិក​យ៉ាង​ដូច្នេះ​ថា ហ៊ែ​ល​បាន​គូសវាស​ផែនទី​សាលា​បន្សល់​នូវ​លិខិត​បញ្ជាក់ចេត​​នា​បាញ់ប្រហារ និង បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​តតាំង​ជាមួយ​សមត្ថកិច្ច​។

​យោង​តាម​ប៉ូលិស ហ៊ែ​ល ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង​ពីរ​ដើម​និង​កាំភ្លើងខ្លី​មួយ​ដើម បាន​ចូល​ទៅក្នុង​សាលា Christian Covenant ពី​ច្រកចូល​ចំហៀង​បើក​ការបាញ់ប្រហារ​តាម​ច្រកទ្វារ​​ជា​ច្រើន​គ្រាប់ ខណៈពេល​កំពុង​ដើរ​ឆ្លងកាត់​អគារ​។​

​ប៉ូលិស​និយាយថា ក្រុមមន្ត្រី​បាន​ស្ថិត​នៅ​កន្លែងកើតហេតុ​ក្នុងពេល​ប្រហែល ១៥ នាទី​បន្ទាប់ពី​ទទួល​ការតេ​ទូរស័ព្ទ​បន្ទាន់​លើកដំបូង​នៅ​ម៉ោង​ប្រហែល ១០៖០០ ព្រឹក​ដោយ​បាន​បាញ់​តដៃ​ជាមួយ​​ខ្មាន់កាំភ្លើង មុន​ពេល​រូបគេ​ត្រូវ​បាន​បាញ់​ស្លាប់​។​

​ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​ប្រាំមួយ​នាក់ ដោយ​និយាយថា ក្មេង​ម្នាក់​ក្នុងចំណោម​បី​នាក់​មាន​អាយុ​ប្រាំបី​ឆ្នាំ និង​ពីរ​នាក់​ទៀត​អាយុ​ប្រាំបួន​ឆ្នាំ​ចំណែក​មនុស្ស​ពេញវ័យ​ដែល​ស្លាប់មាន​​អាយុ​ពី ៦០ ទៅ ៦១ ឆ្នាំ​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​ក្មេងៗ​កាន់​ដៃ​គ្នា​ពេល​ពួកគេ​ចាកចេញ​ពី​សាលា ហើយ​រូបថត​ខ្លោចចិត្ត​មួយ​បានបង្ហាញ​ក្មេង​ម្នាក់​យំ​តាម​បង្អួច​ឡានក្រុង​ពណ៌​លឿង​របស់​នាង​ខណៈ​វា​ចាកចេញ​​ពី​កន្លែងកើតហេតុ​។​

​នាង អា​វើរី មី​រីក (Avery Myrick) បាន​និយាយថា ម្តាយ​របស់​នាង ដែល​ជា​គ្រូបង្រៀន​នៅ​សាលា Covenant បាន​លាក់ខ្លួន នៅពេលដែល​មាន​ការបាញ់ប្រហា​រពេញ​សាលារៀន​។​

​មី​រីក​បាន​ប្រាប់​ទូរទស្សន៍ WSMV4 ជា​សម្ពន្ធ​របស់​ទូរទស្សន៍ NBC ថា “​ម៉ាក់​ថា​គាត់​លាក់ខ្លួន​នៅ​ក្នុង​ទូ ហើយ​មាន​ការបាញ់ប្រហារ​គ្រប់កន្លែង​”​។​

​ពេល​នាង​បាន​ឮ​ថា​ម្ដាយ​របស់​នាង​មាន​សុវត្ថិភាព វា​បាន​នាំមក​នូវ “​ការ​ធូរស្បើយ​យ៉ាងខ្លាំង​”៕

មនុស្ស​៦​នាក់​ត្រូវបាន​បាញ់​ស្លាប់​នៅ​សាលាបឋមសិក្សា Christian Covenant កាលពី​ថ្ងៃ​ចន្ទរួមមានបុគ្គលិកសិក្សាបីនាក់