ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលីសបាននិយាយថា មនុស្សពីរនាក់បានស្លាប់និងប្រាំនាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅទីក្រុងលីតថលរ៉ុក (Little Rock)រដ្ឋ អាកាន់សាស( Arkansas)។ មិនមានការចាប់ខ្លួនភ្លាមៗទេ។
មេប៉ូលីសក្រុងលីតថលរ៉ុក លោក ហ៊ីដ ហ៊ែលតុន (Heath Helton) បានប្រាប់អ្នកយកព័ត៌មានថា ក្រុមមន្ត្រីបានឆ្លើយតបទៅនឹងការបាញ់ប្រហារនៅម៉ោងប្រហែល ៩ និង ២៥ នាទីយប់ថ្ងៃអាទិត្យ ភាគនិរតីនៃទីក្រុង។ ឈ្មោះ ម៉ាឡាឈី ខារី (Malachi Carey) អាយុ ២០ ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ ហើយឈ្មោះ ចាយលីន វ៉ាស៊ីនតោន (Jailene Washington) អាយុ ២០ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យ។ ម្នាក់ក្នុងចំណោមអ្នករបួសទាំងប្រាំនាក់នៅកំពុងស្ថិតក្នុងមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរគិតត្រឹមរសៀលថ្ងៃចន្ទទី២៧មីនា។
លោកហ៊ែលតុនបាននិយាយថា រថយន្តមួយចំនួនធំបានប្រមូលផ្តុំគ្នានៅទីតាំងបាញ់ប្រហារ។ លោកនិយាយថា ប៉ូលីសកំពុងសាកសួរសាក្សីនិងសុំដីកាឆែកឆេរ ប៉ុន្តែមិនបានបញ្ជាក់ថាតើប៉ូលីសកំពុងព្យាយាមស្វែងរកជនសង្ស័យប៉ុន្មាននាក់នោះទេ។
លោកហ៊ែលតុនបាននិយាយថា ការបាញ់ប្រហារនេះហាក់មិនពាក់ព័ន្ធនឹងការបាញ់ប្រហារដែលបានរាយការណ៍មុននេះទេ ដែលក្នុងនោះស្ត្រីម្នាក់បាននិយាយថា នាងប្រហែលជាត្រូវគ្រាប់ពេលនរណាម្នាក់បាញ់មកលើរថយន្តរបស់នាង។ ការបាញ់ប្រហារទាំងពីរបានកើតឡើងនៅភាគនិរតីនៃទីក្រុងលីតថលរ៉ុកដូចគ្នា៕
មេប៉ូលីសក្រុងលីតថលរ៉ុកលោក ហ៊ីដ ហ៊ែលតុន ថ្លែងប្រាប់អ្នកកាសែតអំពីរឿងរ៉ាវបាញ់បោះកាលពីថ្ងៃចន្ទ