ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ របស់កម្ពុជា បានមកដល់ស្រុកវិញហើយ កាលពីថ្ងៃទី២៧ មីនា ម្សិលមិញនេះ ។

អ្វីដែលពិសេសនោះ គ្រាន់តែមកដល់ស្រុកភ្លាម លោក Keisuke Honda អ្នកចាត់ការទូទៅ របស់ក្រុមជម្រើសជាតិ រួមជាមួយលោក Ryu Hirose ដែលជាគ្រូបង្វឹក ចាប់ផ្ដើមឲ្យពួកគេចូល ទីលានហ្វឹកហាត់ នារសៀលម្សិលមិញនេះ ភ្លាមៗដែរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពេលវេលាកាន់តែកៀក ហេតុនេះ ទាំងគ្រូបង្វឹក ទាំងកីឡាករ ត្រូវតែមានការលះបង់ ច្រើន ដើម្បីគោលដៅធំ សម្រាប់ស៊ីហ្គេម។ ក្នុងខណៈដែលប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកថៃ ប្រាប់ទៅប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃថាៈ ថៃត្រូវតែប្រជែង យកមេដាយមាសទាំងបាល់ទាត់បុរស និងនារី ឲ្យបាននោះ ប្រទេសវៀតណាម ក៏ដាក់គោលដៅប្រជែង យកមេដាយមាស ឲ្យបាន ១០០ គ្រឿងដែរ សម្រាប់ ស៊ីហ្គេម នៅកម្ពុជា។

សម្រាប់កម្ពុជា ក៏បានដាក់គោលដៅថា នឹងឆ្លងឲ្យផុតវគ្គជម្រុះ ដើម្បីឈានទៅកាន់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ស៊ីហ្គេម លោក Keisuke Honda ក៏បញ្ចប់ បេសកកម្មនៅកម្ពុជាដែរ ព្រោះលោកបានធ្វើកុងត្រា ធ្វើការជាមួយក្រុមជម្រើសជាតិ កម្ពុជា តែត្រឹមបញ្ចប់ស៊ីហ្គេមប៉ុណ្ណោះ៕/V/R