ដោយៈ បាយ័ន / សៀមរាបៈ ដើម្បីអបអរសាទរខួប ១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ឆ្នាំ២០២៣ កម្មវិធីភូមិខ្ញុំ បានធ្វើជាថ្មី និងនាំមកវិញនូវវត្ថុយក្សទាំងអស់ មកជុំគ្នា ក្នុងពេលតែមួយ ក្នុងបរិវេណភូមិខ្ញុំ ដើម្បីដាក់តាំងបង្ហាញសាធារណជន ទស្សនាកម្សាន្ត។

ប្រភពព័ត៌មានពីក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី២៧ ខែមីនានេះ បានបញ្ជាក់ថាៈ វត្ថុយក្សជាច្រើន ត្រូវបាននាំមកដាក់តាំង តាមកន្លែងបណ្តើរៗហើយ ដូចជា អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ជាដើម។ ដោយឡែក ចាប៉ីដងវែងយក្ស ដែលកំពុងរក្សាទុក នៅសាលាខេត្តបាត់ដំបង ក៏នឹងត្រូវនាំមកវិញ នាពេលឆាប់ៗ ខាងមុខនេះដែរ។ រីឯវត្ថុយក្សមួយចំនួន ដូចជា ពងមាន់យក្ស និងសំបុកមាន់យក្ស ជាដើម កំពុងបន្តកែសម្រួល និងនាំមក នាពេលឆាប់ៗ ខាងមុខនេះ។

ក្នុងឱកាសចុះពិនិត្យតាមដានវឌ្ឍនភាពការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោក សុខ សង្វារ ប្រធានគម្រោងកម្មវិធីភូមិខ្ញុំ នៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត បានបញ្ជាក់ថាៈ ដំណើរការរៀបចំផ្សេងៗនៃកម្មវិធីភូមិខ្ញុំ កំពុងដំណើរ ការដោយរលូន។ ការសាងសង់ ការតុបតែងលម្អ ការរៀបចំក្រុមការងារសម្តែង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗ បានដំណើរដោយរលូន និងស្ទើររួចរាល់ ទាំងស្រុងហើយ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣នេះ កម្មវិធីភូមិខ្ញុំ មានការរៀបចំកម្មវិធី សម្តែងទាំងសិល្បៈបុរាណ និងទម្រង់សិល្បៈប្រជាប្រិយ ជាច្រើនដូចជា ការសម្តែងរបាំបុរាណ ការរៀបចំពិព័រណ៍រូបនិងវត្ថុយក្ស ចាប៉ីដងវែង ពិណខ្មែរ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្ករដៃ ភ្លេងគ្រឹម សៀករហស្សកម្ម និងល្បែងប្រជាប្រិយជាច្រើនប្រភេទ៕/V/R