ប្រែសម្រួលៈបំណង(AFP)៖ អង់គ្លេសនិងអាល្លឺម៉ង់បានបញ្ជូនរថក្រោះធុនធ្ងន់ទៅកាន់អ៊ុយក្រែន នេះបើតាមការបញ្ជាក់ពីពួកមន្ត្រីកាលពីថ្ងៃចន្ទទី២៧មីនា ដោយវាផ្តល់កម្លាំងប្រយុទ្ធពាសដែកដ៏សំខាន់មួយដែលនឹងជួយការប្រយុទ្ធរបស់កងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងទាហានឈ្លានពានរុស្ស៊ី។
រថក្រោះប្រយុទ្ធទាំងនេះ ត្រូវបានប្រទេសជាសមាជិកអង្គការណាតូទាំងពីរសន្យាផ្តល់អោយអ៊ុយក្រែនកាលពីដើមឆ្នាំនេះនិងពួកវាបានទៅដល់ចំពេលមានការរំពឹងទុកថានឹងមានការប្រយុទ្ធគ្នាដ៏ធំគឺការវាយបករបស់កងកម្លាំងអ៊ុយក្រែននៅរដូវស្លឹកឈើលាស់នេះ។
នៅពេលរដ្ឋាភិបាលទីក្រុងគៀវទទួលបានរថក្រោះធុនធ្ងន់ទំនើប រដ្ឋាភិបាលវិមានក្រឹមឡាំងបានប្តេជ្ញាធ្វើតាមផែនការមួយដែលប្រធានាធិបតីរុស្ស៊ីបានប្រកាសគឺដាក់ពង្រាយសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធនៅក្នុងប្រទេសក្បែរខាងបេឡារូស ជាចំណាត់ការមួយដែលបង្កការរិះគន់ពីលោកខាងលិច។
អធិកាបតីអាល្លឺម៉ង់ លោកអូឡាហ្វ សូល បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថារដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានផ្តល់រថក្រោះប្រយុទ្ធទំនើបខ្លាំងឡេអូផាត(Leopard)ទៅអោយរដ្ឋាភិបាលទីក្រុងគៀវ ហើយក្រោយមកក្រសួងការពារជាតិបាននិយាយថា វាមានចំនួនសរុប១៨គ្រឿង។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក បូរីស ពីស្តូរៀស(Boris Pistorius)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រថក្រោះរបស់យើងបានទៅដល់ដៃមិត្តអ៊ុយក្រែនរបស់យើងតាមការសន្យានិងទាន់ពេល»។
រថក្រោះទាំងនេះបានចូលរួមជាមួយរថក្រោះឆាឡិនជឺ(Challenger)ទៅពីអង់គ្លេស នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនក្នុងពេលជាមួយគ្នាបាននិយាយថា លោកបានទៅពិនិត្យមើលសព្វាវុធបន្ថែមគឺរថក្រោះChallenger និងយានប្រយុទ្ធម៉ាឌ័រ(Marder)របស់អាល្លឺម៉ង់បូករួមទាំងរថយន្តយោធានិងរថពាសដែកស្ត្រាយឃឺ(Stryker)មកពីអាម៉េរិក។
នៅទីក្រុងមូស្គូឯណេះវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ការរិះគន់ពីលោកខាងលិចអំពីសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធមិនមានឥទ្ធិពលលើផែនការរបស់រុស្ស៊ីទេ។
មុននេះពីរថ្ងៃប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថារុស្ស៊ីនឹងបញ្ជូននិងបំពាក់កាំជ្រួចនុយគ្លេអ៊ែរកលយុទ្ធដល់យន្តហោះបេឡារូស ដើម្បីឆ្លើយតបនឹងចំណាត់ការរបស់ពួកលោកខាងលិច៕
ទៅដល់អស់ហើយ ចាំមើលថាតើរុស្ស៊ីអាចបំផ្លាញចោលរថក្រោះទំនើបដែលអាល្លឺម៉ងនិងអង់គ្លេសផ្តល់អោយអ៊ុយក្រែនដូចការអួតអាងរបស់ខ្លួនដែរឬទេ
ទាហានអ៊ុយក្រែនដែលហ្វឹកហាត់នៅអង់គ្លេសបានវិលទៅស្រុកជាមួយនឹងរថក្រោះChallenger