ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសាថា ព្រះរាជាណាចក្រកម្ពុជា នៅអំឡុងពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ទទួល ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយ ពីប្រទេសចិន ធ្វើឱ្យមានភ្លៀងធ្លាក់ មិនស្មើ កើតមាននៅគ្រប់តំបន់។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ  សីតុណ្ហភាព អតិបរមា មានពី ៣៥ ទៅ ៣៧ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះ ភ្លៀងធ្លាក់ ក្នុងបរិមាណបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៥ ទៅ ៣៧ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ដោយអន្លើ ក្នុងកម្រិត ពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ដោយអន្លើ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕/V/R