ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា​បាន​បដិសេធ​សំណើ​របស់​រុស្ស៊ី​ដើម្បី​ស៊ើបអង្កេត​ការផ្ទុះ​នៅលើ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ ដែល​ផ្ទេរ​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​នៅ​ក្រោម​សមុទ្រ​បាល់​ទិក​។​

​រុស្ស៊ី ចិន និង​ប្រេ​ស៊ីល​បាន​បោះឆ្នោត​គាំទ្រ​សំណើ​របស់​រុស្ស៊ី ប៉ុន្តែ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ផ្សេងទៀត​បាន​បដិសេធ ឬ​និយាយ​ថា ការស៊ើបអង្កេត​មួយ​ផ្សេងទៀត​គឺ​មិនចាំបាច់​។​

​ដើម្បី​ឱ្យ​សេចក្តីសម្រេចចិត្ត​មួយ​ត្រូវ​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ​.​ស​.​ប វា​ត្រូវការ​សំឡេង​គាំទ្រ​យ៉ាង​តិច ៩ នៅក្នុង​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក​ចំនួន ១៥​ហើយ​គ្មាន​វេតូ​ណាមួយ​ពី​សមាជិក​​អចិន្ត្រៃយ៍ គឺ សហរដ្ឋ​អាម៉េរិក រុស្ស៊ី ចិន អង់គ្លេស និង​បារាំង​។

​ឯកអគ្គរដ្ឋទូត​រង​របស់​សហរដ្ឋ​អាម៉េរិក លោក រ៉ូបឺត វូដ (Robert Wood) បាន​និយាយថា មិន​ចាំបាច់​មាន​ការស៊ើបអង្កេត​របស់​អ​.​ស​.​ប​ទេ នៅពេលដែល​ការស៊ើបអង្កេត​របស់​ស៊ុយអែត ដា​ណឺ​ម៉ាក និង​អាល្លឺម៉ង់ “​កំពុង​ដំណើរការ​ក្នុង​លក្ខណៈ​ទូលំទូលាយ តម្លាភាព និង​មិន​លម្អៀង​”​។​

​លោក​បាន​និយាយថា “​វា​ជា​ការប៉ុនប៉ង​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ការងារ​នៃ​ការស៊ើបអង្កេត​ជាតិ​ដែល​កំពុងបន្ត និង​ធ្វើឱ្យ​មាន​ការរើសអើង​លើ​ការសន្និដ្ឋាន​ណាមួយ​ដែល​ពួកគេ​ធ្វើ​ឡើង​ដែល​មិន​សម​​ប្រកប​តាម​សាច់​រឿង​និង​នយោបាយ​ដែល​បានកំណត់​ទុកជាមុនរ​បស់​រុស្ស៊ី​។ វា​មិនមែន​ជា​ការប៉ុនប៉ង​ដើម្បី​ស្វែងរក​ការពិត​នោះ​ទេ​”​។​

​បំពង់​បង្ហូរ​ឧស្ម័ន ដែល​គេ​ស្គាល់​ថា Nord Stream 1 និង Nord Stream 2 ភាគច្រើន​គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ថាមពល​រដ្ឋ​រុស្ស៊ី Gazprom​របស់​រុស្ស៊ី​។​ដំបូង​របាយការណ៍​ក្នុង​សារព័ត៌មាន​អា​ម៉េ​​រិក​ថា CIA​អាម៉េរិក​ជាប់​ពាក់ព័ន្ធ​នឹង​បំផ្ទុះ​ផ្តាច់​បំពង់​បង្ហូរ​នេះ​និង​ក្រោយ​មាន​ការចោទប្រកាន់​ថា​វា​ជា​អំពើ​របស់​ក្រុម​សកម្មជន​អ៊ុ​យក្រែន តែ​រុស្ស៊ី​នៅតែ​អះអាងថា​អាម៉េរិក​នៅ​ពីក្រោយ​វិច្ឆេទកម្ម​បំផ្លាញ​​នេះ​និង​ទាមទារ​អោយ​មាន​ការស៊ើបអង្កេត​ពី​អង្គការសហប្រជាជាតិ​៕

បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ត្រូវបាន​បំផ្ទុះ​កាលពី​ថ្ងៃទី​២៨​កញ្ញា ឆ្នាំ​២០២២