ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកវិទ្យាសាស្ត្របានរកឃើញប្រភពទឹកថ្មីនិងអាចកកើតឡើងវិញនៅលើឋានព្រះចន្ទសម្រាប់អ្នករុករកនាពេលអនាគតនៅក្នុងសំណាកដីព្រះចន្ទពីបេសកកម្មរបស់ចិន។
ទឹកត្រូវបានបង្កប់ក្នុងថ្មថ្លាតូចៗនៅក្នុងដីព្រះចន្ទ កន្លែងដែលអាចម៍ផ្កាយបានបុក។ ថ្មចម្រុះពណ៌ភ្លឺចាំងទាំងនេះស្ថិតនៅក្នុងសំណាកដីដែលបញ្ជូនមកពីព្រះចន្ទដោយចិនក្នុងឆ្នាំ ២០២០។
លោក ហឺជីវ ហ៊ុយ (Hejiu Hui) មកពីសាកលវិទ្យាល័យណានជីង (Nanjing) ដែលបានចូលរួមក្នុងការសិក្សានេះបាននិយាយថាថ្មថ្លាទាំងនោះមានទំហំចាប់ពីទទឹងសក់មួយសរសៃរហូតដល់ទទឹងសក់ច្រើនសរសៃ ហើយសារធាតុទឹកគឺគ្រាន់តែជាប្រភាគតូចបំផុតប៉ុណ្ណោះ។
ដោយហេតុថាមានថ្មល្អិតៗបែបនេះរាប់ពាន់លានពីផលប៉ះពាល់របស់អាចម៍ផ្កាយ នោះអាចមានន័យស្មើនឹងបរិមាណទឹកដ៏ច្រើន ប៉ុន្តែការជីកយកថ្មល្អិតទាំងនេះនឹងមានការលំបាកណាស់។
លោកហ៊ុយបាននិយាយនៅក្នុងអ៊ីមែលថា “មែនហើយ វានឹងត្រូវការថ្មថ្លាច្រើនណាស់” “និយាយឱ្យខ្លី មានថ្មថ្លាល្អិតៗច្រើនណាស់នៅលើព្រះចន្ទ”។
ថ្មល្អិតទាំងនេះអាចផ្តល់ទឹកបានដោយសារតែការធ្លាក់អ៊ីដ្រូសែនចុះមកលើព្រះចន្ទឥតឈប់ឈរនៅក្នុងខ្យល់ព្រះអាទិត្យ។ ការរកឃើញដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទទី២៧មីនានៅក្នុងទិនានុប្បវត្តិ Nature Geoscience គឺផ្អែកលើថ្មថ្លាចំនួន ៣២ ដែលសម្រាំងពីដីព្រះចន្ទ ដែលយកមកផែនដីពីបេសកកម្មយាន Chang’e 5៕
អ្នកវិទ្យាសាស្ត្រចិនកំពុងយកប្រអប់ផ្ទុកដីព្រះចន្ទសម្រាប់ពិសោធន៍អំឡុងឆ្នាំ២០២០