ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនថាលោកមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរកលយុទ្ធរនៅលើទឹកដីនៃប្រទេសបេឡារូសហាក់ជាការប៉ុនប៉ងមួយទៀតក្នុងការបង្កើនជម្លោះនៅអ៊ុយក្រែន។
រឿងនេះកើតឡើងបន្ទាប់ពីការព្រមានរបស់លោកពូទីនថា រដ្ឋាភិបាលក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ “គ្រប់មធ្យោបាយដែលមាន” ដើម្បីទប់ទល់នឹងការវាយប្រហារលើទឹកដីរុស្ស៊ី ដែលជាការយោងទៅលើអាវុធនុយក្លេអ៊ែររបស់ខ្លួន។
សូមក្រឡេកមើលសេចក្តីថ្លែងការណ៍របស់លោកពូទីននិងអត្ថន័យរបស់វា ៖
តើលោកពូទីនពន្យល់ពីចំណាត់ការរបស់គាត់យ៉ាងដូចម្តេច?
លោកពូទីនបាននិយាយថា ប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ នៃប្រទេសបេឡារូស បានជំរុញជាយូរមកហើយឱ្យរដ្ឋាភិបាលក្រុងមូស្គូដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងប្រទេសរបស់គាត់ ដែលមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយរុស្ស៊ី និងជាមូលដ្ឋានសម្រាប់ការលុកលុយប្រទេសជិតខាងអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
រុស្ស៊ីបានជួយធ្វើទំនើបកម្មយន្តហោះចម្បាំងបេឡារូសរួចហើយដើម្បីធ្វើឱ្យយន្តហោះចម្បាំងទាំងនោះមានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរ ជាអ្វីដែលមេដឹកនាំផ្តាច់ការបេឡារូសបាននិយាយម្តងហើយម្តងទៀត។
នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោកពូទីនបាននិយាយថា ឈ្នួនសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរកលយុទ្ធរបស់រុស្ស៊ីភ្លាមៗទៅកាន់ប្រទេសបេឡារូសគឺមកពីការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់ថក្រោះដែលមានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរលាយ។ លោកពូទីនបានបន្ទន់ភាសារបស់គាត់ បន្ទាប់ពីបានអះអាងមិនពិតពីដំបូងថា គ្រាប់បែបនេះមានសមាសធាតុនុយក្លេអ៊ែរ ប៉ុន្តែលោកបានទទូចថាពួកវាបង្កគ្រោះថ្នាក់បន្ថែមដល់ប្រជាជនស៊ីវិល និងអាចបំពុលបរិស្ថាន។
លោកពូទីនក៏បាននិយាយផងដែរថា តាមរយៈការដាក់អាវុធនុយក្លេអ៊ែរកលយុទ្ធនៅក្នុងប្រទេសបេឡារូសរុស្ស៊ីនឹងធ្វើអ្វីដែលសហរដ្ឋអាម៉េរិកបានធ្វើអស់ជាច្រើនទសវត្សរ៍គឺដាក់តាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី។ លោកបានអះអាងថា ចំណាត់ការរបស់រុស្ស៊ីមិនបំពានលើសន្ធិសញ្ញាអន្តរជាតិដែលហាមប្រាមការរីកសាយភាយអាវុធនុយក្លេអែរទេ បើទោះបីជារដ្ឋាភិបាលក្រុងមូស្គូបានលើកឡើងពីមុនថា សហរដ្ឋអាម៉េរិកបានបំពានលើសន្ធិសញ្ញា ដោយដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីនៃសម្ពន្ធមិត្តណាតូរបស់ខ្លួនក៏ដោយ។
ទង្វើរបស់លោកពូទីនគឺផ្ទុយនឹងសេចក្តីថ្លែងការណ៍ដែលលោកនិងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញ បន្ទាប់ពីកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរនៅវិមានក្រឹមឡាំងកាលពីសប្តាហ៍មុន ដែលនិយាយប្រឆាំងនឹងប្រទេសមហាអំណាចនុយក្លេអ៊ែរដែលដាក់ពង្រាយអាវុធបរមាណូនៅខាងក្រៅទឹកដីរបស់ពួកគេ ដែលទំនងចង់ដៀមដាមដាក់សហរដ្ឋអាម៉េរិក។
តើអាវុធនុយក្លេអ៊ែរកលយុទ្ធជាអ្វី?
អាវុធនុយក្លេអ៊ែរកលយុទ្ធមានគោលបំណងបំផ្លាញកងទ័ពនិងអាវុធរបស់សត្រូវនៅលើសមរភូមិ។ ពួកវាមានរយៈចម្ងាយខ្លីនិងមានកម្លាំងទាបជាងក្បាលគ្រាប់នុយក្លេអ៊ែរដែលបំពាក់ជាមួយមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពកម្ទេចទីក្រុងទាំងមូល។
ខុសពីសព្វាវុធយុទ្ធសាស្ត្រ ដែលជាកម្មវត្ថុនៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធរវាងរដ្ឋាភិបាលក្រុងមូស្គូនិងវ៉ាស៊ីនតោន អាវុធកលយុទ្ធមិនដែលត្រូវបានកំណត់ដោយសន្ធិសញ្ញាណាមួយនោះឡើយហើយរុស្ស៊ីក៏មិនបានបញ្ចេញចំនួនឬព័ត៌មានជាក់លាក់ណាមួយផ្សេងទៀតដែលទាក់ទងនឹងអាវុធទាំងនោះដែរ។
រដ្ឋាភិបាលអាម៉េរិកជឿថា រុស្ស៊ីមានអាវុធនុយក្លេអ៊ែរកលយុទ្ធប្រហែល ២.០០០ គ្រាប់ ដែលរួមមានគ្រាប់បែកដែលអាចផ្ទុកដោយយន្តហោះ ក្បាលគ្រាប់សម្រាប់មីស៊ីលរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំ។
ខណៈអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រត្រូវបំពាក់ជាមួយមីស៊ីលផ្លោងឆ្លងទ្វីបដែលមានមូលដ្ឋានលើដីគោកឬនាវាមុជទឹក ដែលត្រៀមខ្លួនជាស្រេចសម្រាប់ការបាញ់នោះ អាវុធនុយក្លេអ៊ែរកលយុទ្ធត្រូវបានរក្សាទុកនៅឃ្លាំងសម្ងាត់មួយចំនួននៅក្នុងប្រទេសរុស្ស៊ី ហើយវាត្រូវការពេលវេលាយូរដើម្បីបញ្ជូនពួកវាទៅកាន់អង្គភាពប្រយុទ្ធ។
មេទ័ពរុស្ស៊ីមួយចំនួនបានជំរុញយូរមកហើយឱ្យវិមានក្រឹមឡាំងផ្ញើការព្រមានទៅលោកខាងលិចដោយផ្លាស់ទីអាវុធនុយក្លេអ៊ែរកលយុទ្ធមួយចំនួនឱ្យខិតឱ្យជិតយន្តហោះ និងមីស៊ីល ដែលទុកដឹកពួកវា។
តើរុស្ស៊ីនឹងធ្វើអ្វី?
លោកពូទីនបាននិយាយថា រុស្ស៊ីបានជួយធ្វើឱ្យប្រសើរឡើងនូវយន្តហោះបេឡារូសចំនួន ១០ គ្រឿងរួចហើយ ដើម្បីអនុញ្ញាតឱ្យពួកវាផ្ទុកអាវុធនុយក្លេអ៊ែរហើយក្រុមអ្នកបើកបររបស់ពួកវានឹងចាប់ផ្តើមហ្វឹកហាត់ប្រើប្រាស់វាចាប់ពីថ្ងៃទី ៣ ខែមេសា។ លោកបានកត់សម្គាល់ថា រុស្ស៊ីក៏បានផ្តល់ឱ្យបេឡារុស្សនូវប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Iskander ដែលអាចបំពាក់ជាមួយនឹងក្បាលគ្រាប់ធម្មតាឬនុយក្លេអ៊ែរ។
លោកបាននិយាយថា ការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារូសនឹងរួចរាល់ត្រឹមថ្ងៃទី ១ ខែកក្កដា។ លោកមិនបានប្រាប់ថា តើអាវុធនុយក្លេអ៊ែរប៉ុន្មានគ្រាប់នឹងត្រូវដាក់នៅទីនោះ ឬពេលណាដែលពួកវានឹងត្រូវដាក់ពង្រាយនោះទេ។
លោកពូទីនបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងរក្សាការគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរណាដែលដាក់ពង្រាយនៅបេឡារូសដូចអាម៉េរិកគ្រប់គ្រងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅលើទឹកដីនៃសម្ពន្ធមិត្តណាតូដែរ។
ប្រសិនបើរដ្ឋាភិបាលក្រុងមូស្គូបញ្ជូនអាវុធនុយក្លេអ៊ែរទៅប្រទេសបេឡារូស នោះវានឹងកត់សម្គាល់ការដាក់ពង្រាយជាលើកដំបូងរបស់ពួកគេនៅខាងក្រៅព្រំដែនរុស្ស៊ីចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០។ បេឡារូស អ៊ុយក្រែន និងកាហ្សាក់ស្ថានបានទទួលមរតកអាវុធនុយក្លេអ៊ែរដ៏ច្រើនសម្បើម បន្ទាប់ពីការដួលរលំសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ប៉ុន្តែបានយល់ព្រមបញ្ជូនពួកវាទៅប្រទេសរុស្ស៊ីក្នុងឆ្នាំបន្ទាប់។
តើមានផលវិបាកអ្វីខ្លះនៅពីក្រោយចំណាត់ការរបស់លោកពូទីន?
ជាមួយនឹងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គាត់ លោកពូទីនជាថ្មីម្តងទៀតកំពុងបង្កការគំរាមកំហែងខាងនុយក្លេអ៊ែរដើម្បីបង្ហាញការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្រុងមូស្គូ ក្នុងការបង្កើនសង្គ្រាមនៅអ៊ុយក្រែន។
ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារូសដែលមានព្រំដែន ១.០៨៤ គីឡូម៉ែត្រជាមួយអ៊ុយក្រែននឹងអនុញ្ញាតឱ្យយន្តហោះនិងមីស៊ីលរុស្ស៊ីទៅដល់គោលដៅសក្តានុពលនៅទីនោះកាន់តែងាយស្រួលនិងឆាប់រហ័ស ប្រសិនបើរដ្ឋាភិបាលក្រុងមូស្គូសម្រេចចិត្តប្រើប្រាស់វា។ វាក៏នឹងពង្រីកសមត្ថភាពរបស់រុស្ស៊ីក្នុងការកំណត់គោលដៅលើសមាជិកណាតូមួយចំនួននៅអឺរ៉ុបខាងកើតនិងកណ្តាលផងដែរ។
ចំណាត់ការនេះកើតឡើងខណៈរដ្ឋាភិបាលក្រុងគៀវត្រៀមខ្លួនសម្រាប់ការវាយលុកដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកវិញ។
លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានព្រមានកាលពីសប្តាហ៍មុនថា ការប៉ុនប៉ងរបស់អ៊ុយក្រែនដើម្បីដណ្តើមយកមកវិញនូវការគ្រប់គ្រងលើតំបន់គ្រីម៉េគឺជាការគំរាមកំហែងដល់ “អត្ថិភាពនៃរដ្ឋរុស្ស៊ី” ជាអ្វីដែលធានាបាននូវការឆ្លើយតបជានុយក្លេអ៊ែរក្រោមគោលលទ្ធិសន្តិសុខរបស់ប្រទេស។ រុស្ស៊ីបានកាត់យកតំបន់គ្រីម៉េពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤៕
រថយន្តជើងទម្រមីស៊ីល Iskander របស់រុស្ស៊ី