ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
លង្វែក
នាមសព្ទ
កាលឬសម័យជាចន្លោះ, ជារវាង
លង្វែកសាសនា ។
ទីឬច្រកជាចន្លោះ, ជារវាង
ដើរតាមលង្វែកផ្ទះ ។
នាមសព្ទ
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមក តាំងជាស្រុក ហៅថា ស្រុកលង្វែក នៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀត ដាក់ទៅជា ស្រុកកំពង់ត្រឡាច វិញនៅក្នុងខែត្រដដែល ដរាបដល់សព្វថ្ងៃ ។ ឈ្មោះបន្ទាយមួយជារាជធានីចាស់របស់កម្ពុជរដ្ឋ, ឋិតនៅខាងទិសឦសាននៃបន្ទាយឧដុង្គមានជ័យ
បន្ទាយលង្វែក; សព្វថ្ងៃនេះ ត្រង់បន្ទាយចាស់នោះ រាជរដ្ឋាភិបាលបានតាំងជាបន្ទាយខេមរភូមិន្ទ មិនឲ្យបាត់ដំណែលចាស់ ។
វស្សា
(វ័ស-សា)
នាមសព្ទ
(បា. វស្ស; សំ. វឞ៌, វរ្សា) ឆ្នាំ; ភ្លៀង; រដូវភ្លៀង ។ កាន់វស្សា ឬ ចាំវស្សា នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់បព្វជិតពុទ្ធសាសនិក ។ ខែវស្សា ខែមានភ្លៀង (ព. ផ្ទ. ខែប្រាំង) ។ ចូលវស្សា ប្ដេជ្ញាថា នៅក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរ ។ ចេញវស្សា នៅចាំវស្សាគ្រប់គ្រាន់តាមកាលកំណត់ហើយ ។ ចំណេញវស្សា សម័យដែលពួកបព្វជិតពុទ្ធសាសនិកចេញវស្សាហើយ គឺកាលជាខាងចុងនៃវស្សានរដូវ ។ ដាច់វស្សា នៅឲ្យកន្លងអរុណក្នុងទីក្រៅអាវាសដែលកំណត់ចាំវស្សា របស់ភិក្ខុសាមណេរ ។ ទៀនវស្សា ទៀនធំដែលទាយកប្រគេនភិក្ខុសង្ឃឲ្យអុជក្នុងរដូវភ្លៀង. . .។ មួយវស្សា មួយរដូវភ្លៀង
បួសបានមួយវស្សា ។ សំពត់ចំណាំវស្សា សំពត់ដែលទាយកប្រគេនភិក្ខុសាមណេរអ្នកនៅចាំវស្សារួចហើយ ។ល។
សង្កេត
នាមសព្ទ
(សំ. បា.) ការកំណត់, ការមត់គ្នា, ណាត់គ្នា, ប្ដេជ្ញាគ្នា; ការយល់ព្រមជាមួយ; សញ្ញា; ការពិនិត្យឲ្យឃើញច្បាស់
ធ្វើតាមសង្កេត ។ ខ្មែរច្រើនប្រើជា កិ. សំដៅសេចក្ដីថា “ពិនិត្យ, ចំណាំ, គ្នេរគ្នាន់, រំពឹងមើល ឲ្យឃើញជាក់” : ត្រូវសង្កេតមើលសិន; បានសង្កេតឃើញសព្វគ្រប់ហើយ ។ សូត្របាលីពិនិត្យតាមអក្ខរប្បភេទ : សូត្រធម៌សង្កេត (ម. ព. សង្កត់ កិ. ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់កេតៈ; ដូចជា : សង្កេតកម្ម ការឲ្យសញ្ញា ។ សង្កេតការណ៍ ហេតុដែលគួរសង្កេត, ហេតុនៃការពិនិត្យមើល ។
សង្កេតភាព ដំណើរសង្កេត ។ សង្កេតលក្ខណៈ លក្ខណៈនៃការពិនិត្យមើល ។ សង្កេតវិធី បែបនៃការពិនិត្យមើល ។ល។
ហួងហែង
កិរិយាសព្ទ
(ស. ហ្វង អ. ថ. ហួ៎ង”រក្សា, គ្រប់គ្រង, ថែទាំ; មិនចង់ឲ្យ”, ហន អ.ថ. ហែ៎ន”កាន់កាប់,បីបាច់,ចាំរក្សា” > ហ្វង ហន អ. ថ. ហួ៎ងហែ៎ន) កាន់កាប់រក្សាឲ្យនៅក្នុងអំណាចខ្លួន,ខារខាំងមិនឱ្យបានទៅអ្នកដទៃ
ហួងហែងទ្រព្យ, ហួងហែងរក្សាស្រែចម្ការ ។
ហែរហៃឲ្យស្រេចលើខ្លួន
ម្ហូបចំណីទាំងនេះជាសាធារណៈ មិនត្រូវអ្នកណាហួងហែងទេ ! (និយាយថា ហួងហែន ក៏មាន តែមិនសូវប្រើ) ។
ឧបការី
(អ៊ុប៉ៈការ៉ី)
នាមសព្ទ
(បា. ; សំ. ឧបការិន៑ ) អ្នកទំនុកបម្រុង, អ្នកផ្គត់ផ្គង់ឬផ្ចុងផ្ដើម (បើស្ត្រីជា ឧបការិណី ឬ ឧបការិនី) ព. កា. ថា
ឧបការី ឧបការិណី គួរជនកុំធ្លោយ បំភ្លេចគុណគេ ក្រែងខ្លួននឹងខ្សោយ ត្រូវធ្វើអំណោយ តបគុណគេវិញ ។ អ្នកលុបគុណគេ កន្តើយធ្វេសទ្វេ ពុំដែលចំណេញ ច្រើនតែហិនហោច ទ្រព្យធនប្រាសចេញ ទើបនឹកទន្ទេញ ដោយក្ដីស្ដាយក្រោយ ។