ដោយៈ បូកគោ / កំពតៈ ទឹកត្រីកំពត-កែប នឹងកាន់តែមានមានលទ្ធភាព ក្នុងការចូលប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ ក្រោយពីក្រសួងជំនាញ បានចុះបញ្ជីសម្គាល់ម៉ាក ផលិតផលរួច។
សមាគមអ្នកផលិតទឹកត្រីកំពត-កែប កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានបើកមហាសន្និបាតកំណើតដំបូងរបស់ខ្លួន រួមគ្នាជំរុញផលិតផលប្រចាំខេត្ត ឱ្យកាន់តែមានភាពល្បីល្បាញ នៅលើទីផ្សារជាតិ និងអន្តរជាតិ។
លោកស្រី ម៉ុម ថាណា អគ្គនាយករងសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ បន្ទាប់ពីសមាជិកសមាគមអ្នកផលិតទឹកត្រីកំពត-កែប បានអនុម័ត លើសៀវភៅលក្ខន្តិកៈ សៀវភៅបន្ទុក ព្រមទាំងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានតាមរយៈអង្គមហាសន្និបាតនៅថ្ងៃនេះ និងបានការអនុញ្ញាតច្បាប់ពី ក្រសួងមហាផ្ទៃ នោះក្រសួងពាណិជ្ជកម្ម នឹងសម្របសម្រួលក្នុងការចុះបញ្ជីសម្គាល់ ម៉ាកទឹកត្រីកំពត-កែបនាពេលដ៏ខ្លីខាងមុខ។ បន្ថែមលើនោះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃប្រារឰទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលរៀបចំឡើង នៅរាជធានី ភ្នំពេញ ក្រសួងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសញ្ញាទឹកត្រី កំពត-កែប និងផលិតផលសម្គាល់ភូមិសាស្ត្រទំនិញមួយចំនួនទៀត រួមមាន បង្កងតាកែវ អំបិលកំពត-កែប ព្រមទាំងបង្ហាញម៉ាកសមូហភាព ដូចជា អំបុកកំពង់ធំ នំបញ្ចុកសៀមរាប និងដូងខ្ទិះបាត់ដំបង ជាដើម។
លោកស្រី អគ្គនាយករង បានបញ្ជាក់ថាៈ នេះជាលទ្ធផលគួរជាទីមោទកៈមួយ ដែលបានផ្តើមចេញពីកិច្ចខិតខំ ក្នុងភាពជាដៃគូ រវាងក្រសួងពាណិជ្ជកម្ម ជាមួយ រដ្ឋបាលខេត្តកំពត និងខេត្តកែប ក៏ដូចជាដៃគូអភិវឌ្ឍ ពិសេសការចូលរួមប្រកប ដោយភាពជាម្ចាស់របស់ប្រជាកសិករ អាជីវករ ព្រមទាំងអ្នកផលិតទាំងឡាយ។ ក្នុងនាមក្រសួងពាណិជ្ជកម្ម លោកស្រី សំណូមពរដល់អាជ្ញាធរនៃខេត្តទាំង២ សូមជួយទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ទឹកត្រីកំពត-កែបពីជនខិលខូចដើម្បីផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះសមាគមទាំងមូល។
លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានបញ្ជាក់ថាៈ ទឹកត្រីកំពត-កែប មានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើទីផ្សារជាតិ ហើយតម្រូវការតែងកើនឡើង ជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែការគ្រប់គ្រង ផលិតផលជាលក្ខណៈពាណិជ្ជកម្ម ដោយម៉ាកសម្គាល់ និងញែកឱ្យដាច់ពីផលិត ផលទឹកតី្រ ពីតំបន់ដទៃ នៅមិនទាន់ច្បាស់លាស់នៅឡើយ។ ដូច្នេះការរៀបចំរបស់ ក្រសួងពាណិជ្ជកម្ម ឱ្យមានសញ្ញាសម្គាល់រួម សម្រាប់ទឹកត្រីកម្ពុជា ដែលផលិត ដោយផលិតករ ក្នុងខេត្តកំពត និងខេត្តកែបជាកត្តាសំខាន់បំផុត។
លោកប្រធានលេខាធិការដ្ឋាន បានបញ្ជាក់ថាៈ កម្មសិទ្ធិបញ្ញា មិនត្រឹមតែមាន ភាពចាំបាច់លើវិស័យនានាប៉ុណ្ណោះទេ តែសញ្ញាសម្គាល់មានសារសំខាន់ ក្នុងការលើកកម្ពស់ផលិតផល តាមរយៈការកសាងកេរ្តិ៍ឈ្មោះ ម៉ាកទំនិញ ការកែច្នៃ ការវេចខ្ទប់ ការធ្វើទីផ្សារ ការគ្រប់គ្រង និងការទប់ស្កាត់ករណីក្លែងបន្លំដទៃទៀត។ ក្រសួងពាណិជ្ជកម្ម បានកំណត់ទឹកត្រីកំពត-កែប ជាផលិតផលសក្តានុពលសម្រាប់ ចុះបញ្ជីការពារ ម៉ាកសម្គាល់ភូមិសាស្ត្រ បំណងលើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។
លោក សួន វិជ្ជា បានបន្តថាៈ ម៉ាកសម្គាល់កម្មសិទ្ធិ ជាការបញ្ជាក់អំពីអត្តសញ្ញាណ ប្រភពដើម នៃផលិតកម្មដាក់លក់នៅលើទីផ្សារ មិនត្រឹមផ្ដល់ទំនុកចិត្តចំពោះអ្នកប្រើ ប្រាស់ និងពង្រីកទីផ្សារទឹកត្រីកំពត-កែបនោះទេ ប៉ុន្តែម៉ាកសញ្ញានេះ នឹងក្លាយជា កម្លាំងស្រូបទាញទេសចរបរទេស ឱ្យមកធ្វើទស្សនកិច្ច ក្នុងតំបន់ផលិតកម្ម ដែលជាឱកាស សម្រាប់សហគមន៍កសិកម្ម អាចបង្កើតប្រភពចំណូលបន្ថែម តាមរយៈការរៀបចំកញ្ចប់សេវាអេកូទេសចរណ៍ ជូនដល់ភ្ញៀវដែលមកកម្សាន្ត ទៀតផង៕/V/R