ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ដេញ
កិរិយាសព្ទ
បង្អើលឲ្យដើរចេញ, បង្ខំឲ្យដើរ, កម្ចាត់ឲ្យឃ្លាតចេញ
ដេញចាប, ដេញគោ, ដេញគូលីឲ្យលែងធ្វើការ ។
ដេញពុត សង្កេតរកពុត, ពិនិត្យរកឲ្យឃើញពុត ។
ដេញមុខការ តថ្លៃ, ដេញថ្លៃ ដណ្ដើមយកមុខការ (ហៅត្រឹមតែ ដេញ ក៏បាន) ។ល។
រត់តាមដើម្បីចាប់, ឬនឹងប្រហារ
ដេញចោរ, ដេញទន្សាយ ។
ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ
ដេញមាស ។
កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី
ដេញចាប៉ី ។
ដេញជើង ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរឲ្យទាល់ជើង, ឲ្យឃើញពិត ។
ដេញដោល សាកសួរជជីកឲ្យច្បាស់ការ, សួរសង្កិនបង្ខំឲ្យឆ្លើយដោះស្រាយ ។
ដេញថ្លៃ តដំឡើងថ្លៃប្រជែងគ្នាដើម្បីឲ្យបានមកខ្លួន ។
ដេញធ្នាក់ ចូលមកតយុទ្ធនឹងធ្នាក់ (បក្សី) ។
ដេញប្រយោគ ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជា តាមប្រយោគមុខការ មានកំណត់។
តើតៗ
កិរិយាវិសេសន៍
ជ្រុលលឿនចុងជើងចំតើតដោយរអិល ដោយភ្លាត់ចំណាប់ស្ទើរនឹងដួល
ដើរតើតៗ, គាត់រអិលជ្រុលតើតៗ ។
ទស្សន
(ទ័ស សៈ ន៉ៈ)
នាមសព្ទ
(បា. ទស្សន; សំ. ទស៌ន) ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺសោតាបត្តិមគ្គ ។ ទស្សនកិច្ច (—កិច ) ន. (បា.; សំ. ទស៌ន + ក្ឫត្យ ) ចក្ខុដែលមានការឃើញជាកិច្ច ឬជាមុខការ ។ ទស្សនវិជ្ជា ន. (បា.) វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ
ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក ។
ទស្សនវិទូ ន. (បា.) អ្នកប្រាជ្ញខាងទស្សនវិជ្ជា
ព្រះពុទ្ធ ជាទស្សនវិទូឯកក្នុងលោក ។
ទស្សនវិស័យ (—វិសៃ ) ន. (បា. ទស្សនវិសយ) ប្រទេសឬទីឱកាសដែលមើលឃើញ
គឺចម្ងាយដែលភ្នែកល្មមមើលឃើញបាន (ចម្ងាយមួយក្រឡេក ឬមួយកន្ទុយភ្នែក) ។ ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ ) អាការនៃការឃើញ, លក្ខណៈនៃការឃើញ ។ ខ្មែរយើងប្រើជា (រ. ស.) កិ. ក៏មាន
ទ្រង់ទស្សនាការ គឺទ្រង់ទតព្រះនេត្រ, ទ្រង់ទតឃើញ ។
ដំណើរត្រួតមើលកិច្ចការផ្សេងៗ តាមកម្មវិធីដែលបានកំណត់ទុក
លោកអភិបាលខេត្ត ធ្វើទស្សនាការក្នុងស្រុក-ក្នុងសង្កាត់ ។
ប្រើជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏មាន ។ ទស្សនាវដ្ដី (ទ័ស-សៈន៉ាវ៉ាត់-ដី) ន. (បា.) ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល, សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែក ផ្សាយចេញប្រចាំសប្ដាហ៍ ឬ ប្រចាំខែ
ទស្សនាវដ្ដីវិទ្យាសាស្ត្រ, ជាវទស្សនាវដ្ដី, អានទស្សនាវដ្ដី ។
ទស្សនីយភាព (ទ័ស-សៈន៉ីយ៉ៈ—) ន. (បា. ទស្សនីយភាវ) ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឲ្យចង់មើលចង់ឃើញ
ទស្សនីយភាពនៃជើងភ្នំ, ទស្សនីយភាពនៃវាលស្រែ ។
ទស្សនូបចារ (ទ័ស-សៈន៉ូប៉ៈចារ ) ន. (បា. ទស្សន + ឧបចារ > ទស្សនុបចារ ឬ ទស្សនូបចារ ឬក៏ ទស្សនោបចារ ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព. ទស្សនវិស័យ ទៀតផង) ។
នាង
នាមសព្ទ
ដង្កូវសូត្រ គឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសំបុកបាំងខ្លួនបាត់, សំបុកនោះឯងហៅថា សំបុកនាង ដែលគេសម្រេចឲ្យកើតបានមកជាសរសៃសូត្រ
ដង្កូវនាង, ចិញ្ចឹមនាង, ឲ្យចំណីនាង ។
នាមសព្ទ
ឈ្មោះកូនចត្រង្គមួយប្រភេទ ( មានពីរ ) សម្រាប់ដាក់តម្រៀបក្បែរខុនទាំងពីរខាង (ទុកជាព្រះអគ្គមហេសី) ។ ម. ព. ចត្រង្គទៀតផង ។
បុសសព្វនាម
ពាក្យសម្រាប់និយាយទៅរកមនុស្សស្រីឬប្រុស ដែលមានចំណាស់ថយជាងខ្លួនច្រើន ដោយដំណើរលំអុតលំឱន
សុខសប្បាយទេនាង ? ; ទៅណានាង ?
សម្រាប់ហៅកូនប្រុសបង្កើត, កូនស្រីបង្កើត ដោយលំអុត
អានាង, អានាងកូនខ្ញុំ; មេនាង, មេនាងកូនខ្ញុំ ។
សម្រាប់ហៅមនុស្សស្រី ដែលមានអាយុតិចក្តី ច្រើនក្តី, សូម្បីមានយសស័ក្តិខ្ពស់ក្តី, ជាពាក្យតំណាលក្នុងរឿងរ៉ាវណាមួយ
ព្រះនាងពិម្ពាយសោធរា; នាងទេវី; នាងសាមាវតី; នាងវិសាខា ។ល។
បង្អត់
កិរិយាសព្ទ
ធ្វើឲ្យអត់ គឺខារខាំងមិនឲ្យបរិភោគចំណីអាហារជាដើម
បង្អត់បាយ, បង្អត់ទឹក ។