ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ខ្នង
នាមសព្ទ
ចំណែករាងកាយមនុស្ស និង សត្វត្រង់ប៉ែកខាងក្រោយពីត្រឹមស្មាទាំងពីរចុះទៅដល់ចង្កេះ
ខ្នងមនុស្ស, ខ្នងសត្វ ។
ចំណែកខាងលើដែលកំពុង ឬ រាបរបស់អវយវៈ ឬ វត្ថុនីមួយៗ ក៏ហៅ ខ្នង ដែរ
ខ្នងដៃ, ខ្នងជើង, ខ្នងភ្នំ, ខ្នងឫស្សី, ខ្នងសំបុត្រ ជាដើម ។
គូទ
នាមសព្ទ
(សំ. បា. គុទ) អវយវៈត្រង់ចំណែកកាយខាងក្រោយជិតវច្ចទ្វារ
ដាក់គូទអង្គុយ ។
ប៉ែកអវយវៈនេះបុរាណពីដើមហៅថា តពោក ឬ ត្រពោក; សូម្បីសព្វថ្ងៃនេះ អ្នកបាត់ដំបង, អ្នកសៀមរាបជាដើម ក៏នៅប្រើពាក្យនេះដែរ
ដាក់តពោកអង្គុយ ( ម. ព. នោះ ) ។ ប្រើដោយច្រឡំសរសេរ គូថ, ត្រូវប្រើ គូទ វិញទើបត្រឹមត្រូវ ។
ឃ្វិច
នាមសព្ទ
ឈ្មោះក្រូចមួយប្រភេទ សំបកស្ដើងផុយងាយបក ផ្លែប្រើបរិភោគជាចំណីលាងមាត់
ក្រូចឃ្វិច ។
ចម្ប៉ា
(ចំប៉ា)
នាមសព្ទ
(បា. ចម្បក; សំ. ចម្បក, ចម្បា) ឈ្មោះឈើពួកមួយមានផ្កាក្រអូបឈ្ងប់; មានពីរយ៉ាង គឺ ចម្ប៉ាស, ចម្ប៉ាក្រហម ។
នាមសព្ទ
(សំ. បា.ចម្បា) ឈ្មោះរាជធានីមួយរបស់ដែនអង្គៈ ក្នុងមជ្ឍិមប្រទេស (ឥណ្ឌា) ពីក្នុងបុរាណសម័យយូរហើយ ។
នាមសព្ទ
ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ (នគរធំ), ជាដែនរបស់ពួកមនុស្សជាតិចាម្ប៍ ឬ ចាម ។ល។ លុះចំណេរកាលតមកពួកមនុស្សជាតិ ត័ងកៀ មានអំណាចគ្របសង្កត់លើ ក៏ដេញកម្ចាត់ពួកចាម ចេញអស់ ។ល។ ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថា ចាមៗ រៀងមកដល់សព្វថ្ងៃនេះ ។ល។ ពួក ត័ងកៀ តាំងនាមដែន ចម្ប៉ា ទាំងមូលហៅថា អណ្ណាម ជាប់រៀងមក ។ល។ គោលចារឹកនិងបុរាណវត្ថុជាកេរ្តិ៍ដំណែលរបស់ពួកចាម ច្រើនមានប្រាកដនៅតំបន់ ទួរ៉ាន ក្នុងដែន អណ្ណាម សព្វថ្ងៃនេះ ។
ជប
(ជប់)
កិរិយាសព្ទ
(សំ.បា.) ខ្សឹប; ស្វាធ្យាយខ្សឹបៗ, សូត្ររាយមន្ដអាគមខ្សឹបៗ ឬសូត្រនឹកតែក្នុងចិត្ត; ប្រឡេះផ្គាំសូត្រខ្សឹបៗ ឬសូត្រដោយនឹកតែក្នុងចិត្ត ។
នាមសព្ទ
កិរិយាខ្សឹប, ដំណើរសូត្រខ្សឹបៗ ឬសូត្រនឹកតែក្នុងចិត្ត ។មានសេចក្ដីតំណាលក្នុងរឿងរ៉ាវពីព្រេងនាយថា ឥសីជប នោះគឺឥសីសូត្ររាយមន្ដអាគមខ្សឹបៗ ឲ្យកើតបានជាអ្វីៗ តាមបំណង ។ បើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀត អ. ថ. ជ:ប: ដូចជា ជបក: ( –ក:; សំ. បា. ជបក ) អ្នកជប ។ បើស្ត្រីជា ជបិកា ។ ជបករណ៍ ( –ក; សំ.បា. ជបករណ ) ដំណើរជប, ការជប ។ ជបកម្ម ( –ក័ម ) ដូចគ្នានឹង ជបករណ៍ ។ ជបការ ឬ ជបការក៍ ( –កា; សំ. បា. ជបការក ) ដូចគ្នានឹង ជបក: ។ អ្នកដែលចូលចិត្តតែខាងនិយាយខ្សឹប, មនុស្សហៃខ្សឹប ។ បើស្ត្រីជា ជបការិនី ឬ ជបការិកា ។ ជបនាការ ( –ន៉ាកា ) អាការជប, អាការដែលជប ។ ជបមន្ត ( –មន់ ) មន្ត, អាគមសម្រាប់សូត្របានតែខ្សឹបៗ ឬសូត្រនឹកតែក្នុងចិត្ត ។ ជបមាលា (– មាលា) កម្រងសម្រាប់ប្រឡេះសូត្រខ្សឹបៗ (ផ្គាំ) ។ ជបលក្ខណ៍ ឬ ជបលក្សណ៍ (–ល័ក ; បា. ជប + លក្ខណ; សំ. ជប +លក្សណ ឬ ជប + លក្សណ៑) នាមកុមារម្នាក់ក្នុងរឿងរាមកេរ្ដិ៍ថាកើតដោយឥសីជប . . . (ម. ព. ជប និង លក្ខណ, លក្សណ) ។ ជបសូត្រ (–សូត; សំ.; បា. ជបសុត្ត) ផ្គាំ ។ អំបោះចំណងដែលគេសូត្រខ្សបៗ ផ្លុំប្រសិទ្ធីសម្រាប់ចងបង្ការភ័យ (ប្រើតាមជំនឿអ្នកត្រូវការ) ។