ដោយៈ សុផល /  ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្កការចៃកា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការ សម្របសម្រួលរួម (The 3rd Coordinating Committee) នៃគម្រោងធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពចរាចណ៍ លើផ្លូវជាតិសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមវត្តមាន លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី MIYAHARA Ai អនុប្រធានតំណាង នៅទីស្នាក់ការ JICA ប្រទេសកម្ពុជា។

ក្រសួងសាធារណការ បានឱ្យដឹងថា៖ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព នៃសកម្មភាពរួមរបស់គម្រោង ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ដើម្បីពិនិត្យពិភាក្សាស្វែងរកការឯកភាពរួម ពីអង្គប្រជុំលើចំណុច ដែលត្រូវបញ្ជាក់ មួយចំនួន រួមមាន ការរៀបចំវគ្គបណ្ដុះបណ្ដាល ការស្នើសុំផ្ដល់ព័ត៌មាន និងឯកសារ សម្រាប់អនុវត្តការងារ និងការរៀបចំក្រុមប្រឹក្សាបច្ចេទេសជាដើម ដើម្បីសម្រួលលើការអនុវត្តការងារ ក្នុងគម្រោងនេះ។

គម្រោងនេះជាជំនួយបច្ចេកទេសរបស់ JICA ក្នុងការពង្រឹងសមត្ថភាពរបស់ ស្ថាប័នពាក់ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រមទាំងដើម្បីផ្លាស់ប្ដូរការយល់ដឹងរបស់ប្រជាជនកម្ពុជា លើសុវត្ថិភាពចរាចរណ៍តាមរយៈការដាក់ចេញ នូវគម្រោងការគាំទ្រលើវិធានការសុវត្ថិភាពចរាចរណ៍ផ្សេងៗ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសកម្ពុជា៕/V-PC