ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេច ក្នុងការបែងចែកតួនាទី ភារកិច្ចរបស់ គណៈ កម្មការ អនុគណៈកម្មការ និងការទទួលខុសត្រូវ ក្នុងការរៀបចំ ពិធីសង្ក្រាន្តស្វាយ រៀង ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗ ខាងមុខនេះ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ជាអភិបាលរងខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង លោកអនុប្រធាន សសយក.ខេត្តស្វាយរៀង លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក លោក លោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងសមាជិក សមាជិកាគណៈ កម្មការ អនុគណៈកម្មការ និងក្រុមការងារ សង្ក្រានត្តស្វាយរៀងមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អនុគណៈ កម្មការ និងក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចដូច មានកំណត់ ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការ លម្អិត និងលើកគម្រោងចំណាយ នៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តិទៅ ដោយរលូនតាមការគ្រោងទុក ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ឲ្យទទួល បានលទ្ធផលជោគជ័យ និងបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនា និងលេងកម្សាន្តប្រកបដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ៕ V / N