ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុង ខ្សែកាបឫស្សីកែវឆ្លងកាត់ ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈានដល់ការអ៊ុតកៅស៊ូ លើតួស្ពានហើយ ដោយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមហ្វេសបុកផ្លូវការរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹង ថា៖ ៣៧ ថ្ងៃទៀត ឈានដល់ព្រឹត្តិការណ៍ SEA GAMES (05-05-2023)។ សកម្មភាពអ៊ុតកៅស៊ូ លើស្ពានខ្សែកាបឫស្សីកែវ ឆ្លងទន្លេសាប តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្ពានខ្សែកាបឫស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។ មានសន្តិភាព មានការអភិវឌ្ឍ មានសមិទ្ធផលថ្មី។ សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ បិតាស្ថាបនិកសន្តិភាព របស់ប្រជាពលរដ្ឋកម្ពុជាយេីង។
គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបនេះ មានប្រវែង ៩២២ ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រ សងខាង , កម្ពស់សរសរ ស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ ។ សសរសម្រាប់ព្យួរ ខ្សែកាប មានសសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង ៣,៧៥ ម៉ែត្រ , គន្លងធ្វើចរាចរ ២ ខ្សែទៅ និង២ខ្សែមក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមា នៅរដូវវស្សា ១០,៥ ម៉ែត្រ , កម្ពស់នាវាចរក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍ ។
ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេល ២៨ ខែ ក្រោយការស្ថាបនារួច ស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពី ផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មី តភ្ជាប់ចរាចរណ៍ក្នុងទីក្រុង ទៅពហុកីឡដ្ឋានជាតិមរតក តេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នាឆ្នាំ២០២៣ ខាងមុខនេះ។
គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញ ជាអធិបតីបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែ ស្របជាមួយស្ពានបាឡេនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កន្លងមក ហើយស្ពាននេះ គ្រោងនឹងបញ្ចប់ ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ៕/V/R