ប្រែសម្រួល : កញ្ញាដាលីស (asiaone) ៖ ក្រុមហ៊ុន Alibaba Group បាននិយាយកាលពីថ្ងៃអង្គារ ទី២៨ មីនាថា ខ្លួនគ្រោងនឹងបំបែកជាប្រាំមួយអង្គភាព និងស្វែងរកការរៃអង្គាសប្រាក់ ឬការចុះបញ្ជីសម្រាប់អង្គភាពភាគច្រើនរបស់ខ្លួននៅក្នុងការកែប្រែដ៏សំខាន់មួយ ខណៈចិនប្តេជ្ញាបន្ធូរបន្ថយការបង្ក្រាបផ្នែកបទប្បញ្ញត្តិដ៏ទូលំទូលាយនិងគាំទ្រសហគ្រាសឯកជនរបស់ខ្លួន។
ភាគហ៊ុន ដែលបានចុះបញ្ជីនៅសហរដ្ឋអាម៉េរិកនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិនមួយនេះ ដែលបានបាត់បង់តម្លៃជិត ៧០ ភាគរយចាប់តាំងពីការរឹតបន្តឹងរបស់ចិនត្រូវបានដាក់ចេញនៅចុងឆ្នាំ ២០២០ បានកើនឡើងជាង ១៤ ភាគរយ។
ក្រុមហ៊ុន Alibaba បាននិយាយថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ២៤ ឆ្នាំរបស់ខ្លួននឹងឃើញក្រុមហ៊ុនបំបែកចេញជា ៦ អង្គភាពដូចជា Cloud Intelligence Group, Taobao Tmall Commerce Group, Local Services Group, Cainiao Smart Logistics Group, Global Digital Commerce Group និង Digital Media and Entertainment Group ។
ការកែប្រែនេះកើតឡើងមួយថ្ងៃបន្ទាប់ពីស្ថាបនិក Alibaba លោក ជែក ម៉ា បានត្រឡប់មកស្រុកវិញពីការស្នាក់នៅពេញមួយឆ្នាំនៅបរទេស ជាចំណាត់ការមួយដែលត្រូវគ្នាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការជំរុញកំណើនវិស័យឯកជនបន្ទាប់ពីការបង្ក្រាបរយៈពេលពីរឆ្នាំ។
ក្រុមអ្នកវិភាគបាននិយាយថា ការបំបែកនេះអាចបន្ធូរបន្ថយការត្រួតពិនិត្យលើក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ ដែលអាជីវកម្មដ៏ធំរបស់ខ្លួនបានក្លាយជាគោលដៅរបស់និយតករអស់ជាច្រើនឆ្នាំ។
នាយកប្រតិបត្តិលោក ដានីញែល ចាង (Daniel Zhang) បាននិយាយនៅក្នុងលិខិតមួយទៅកាន់បុគ្គលិក ដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា “គោលបំណងដើមនិងគោលបំណងជាមូលដ្ឋាននៃកំណែទម្រង់នេះគឺដើម្បីធ្វើឱ្យអង្គភាពរបស់យើងកាន់តែមានភាពរហ័សរហួន កាត់បន្ថយទំនាក់ទំនងក្នុងការសម្រេចចិត្ត និងឆ្លើយតបកាន់តែលឿន”។
លោកបាននិយាយថា ក្រុមអាជីវកម្មនីមួយៗត្រូវតែដោះស្រាយការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ ហើយបុគ្គលិក Alibaba ម្នាក់ៗត្រូវ “ត្រឡប់ទៅរកផ្នត់គំនិតជាសហគ្រិន” វិញ។
លោកចាងនឹងបន្តធ្វើជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group ដែលនឹងធ្វើតាមគំរូគ្រប់គ្រងរបស់ក្រុមហ៊ុនមេ ហើយថែមទាំងបម្រើការជានាយកប្រតិបត្តិនៃអង្គភាព Cloud Intelligence Group ផងដែរ។
ក្រុមហ៊ុនបាននិយាយថា អាជីវកម្មនីមួយៗក្នុងចំណោមអាជីវកម្មទាំងប្រាំមួយនឹងមាននាយកប្រតិបត្តិក៏ដូចជាក្រុមប្រឹក្សាភិបាល ហើយនឹងរក្សាភាពបត់បែនក្នុងការបង្កើនដើមទុនពីខាងក្រៅ និងស្វែងរកការលក់សន្លឹកហ៊ុនជាសាធារណៈ។
ករណីលើកលែងគឺក្រុមហ៊ុន Taobao Tmall Commerce Group ដែលគ្រប់គ្រងអាជីវកម្មពាណិជ្ជកម្មក្នុងស្រុកចិន ហើយនឹងនៅតែជាអង្គភាពគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Alibaba Group៕
លោកជែក ម៉ាត្រឡប់មកស្រុកចិនវិញហើយប្រកាសបំបែកក្រុមហ៊ុន Alibaba Group ជា ៦ អង្គភាព