ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយ សាខាពន្ធដារខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យកាលពីរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣បានបន្តយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១ ២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ ប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អញ្ជើញចូលរួមក្នុងឱកាសនោះ មានលោក ឡុង កុសល អគ្គនាយករង តំណាង បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ រួមទាំងមន្ត្រី-បុគ្គលិកជាច្រើននាក់ទៀត។
ប្រភពដដែលបានស្រង់សម្ដីលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានបញ្ជាក់ថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ។ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផង។ ក្រោយពេលដាំរួច ដើមឈើទាំងនោះត្រូវបានថែទាំនិងស្រោចទឹកជាប្រចាំដោយក្រុមការងារអាជ្ញាធរជាតិអប្សរាដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។
លោកអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់សាខាពន្ធដារខេត្តសៀមរាប សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងវិស័យឯកជនផង ដែលបានចូលរួមចំណែកក្នុងការងារដាំដុះដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ចំណែកលោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានថ្លែងអំណរគុណអាជ្ញាធរជាតិអប្សរា ចំពោះការផ្តល់ឱកាសដល់ស្ថាប័នលោក បានចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព្រោះថាដើមឈើដែលបានដាំនៅពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិ និងជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
រីឯ ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ បានបង្ហាញក្តីសប្បាយរីករាយ ក្នុងឱកាសចូលរួមយុទ្ធនាការដាំដើមឈើឡើងវិញ នៅខាងមុខប្រាសាទអង្គរ ដើម្បីលើកកម្ពស់ទេសភាពបៃតង និងចូលរួមចំណែកថែរក្សាបរិស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ។
តាមការបញ្ជាក់របស់អាជ្ញាធរអប្សរាបានឱ្យដឹងថា បន្ទាប់ពីប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ និងបានកៀរគរស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅនេះឡើងវិញ៕សរន/r