ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ពិធីបុណ្យរយៈពេល ៧ថ្ងៃ ៧យប់ នៅវត្តគិរី រុក្ខារាម ថ្មរមៀល ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទីបំផុត បានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយត្រូវបានធ្វើពិធីកាត់ខ្សែបូរ ឆ្លងព្រះវិហារថ្មី ក្រោមអធិបតីភាពលោកស្រី ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង លោកស្រី ឧកញ៉ាអគ្គមហាឧបាសិកា ពុទ្ធសាសនួបត្ថម ម៉ៅ ម៉ាល័យ កែគឹមយ៉ាន លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ព្រមទាំងលោក សួន សុភាព និងលោកស្រី។
ព្រះតេជគុណ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាផ្ទាល់ ព្រះមេគណខេត្តបន្ទាយមានជ័យ និងជាព្រះមេគុណ ព្រះគ្រូចៅអធិការវត្ត បានមាន ថេរដីកាថាៈ តាមដែលយើងទាំងអស់គ្នា បាននិមន្ត អញ្ជើញ មកចូលរួមធ្វើពិធី បុណ្យបញ្ចុះខណ្ឌសីមានេះ ដែលជាបុណ្យធំជាងគេ មានភាពសប្បាយរីករាយ មានបងប្អូនញាតិញោមជិតឆ្ងាយ រួមធ្វើពិធីបុណ្យយ៉ាងច្រើនកុះករ អាស្រ័យដោយ ប្រទេសយើង មានសុខសន្តិភាពពេញលេញ ។
លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ថាៈ ពិតមែនហើយ រាជរដ្ឋាភិបាលរបស់យើង ត្រូវការវត្តមាន និងការចូលរួមទាំង ស្មារតី សម្ភារៈ និងបញ្ញាណពីព្រះតេជគុណគ្រប់ព្រះអង្គ លោកឧកញ៉ា អស់លោក លោកស្រី និងប្រជាជនទាំងអស់ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យក្លាយទៅជាសង្គម មួយ ដែលមានការអភិវឌ្ឍ រីកចម្រើន គ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស រួមចំណែកធ្វើឲ្យសង្គមកម្ពុជា ឲ្យអ្នកដែលជាសង្គម មួយដែលមានមូលធនសង្គម រឹងមាំ។ ពោលគឺ ជាសង្គមមួយ ដែលមានប្រជាជន ប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌ និងជាប្រទេសមួយ ដែលសម្បូររុងរឿងបន្តរនូវ អារ្យធម៌ដ៏ខ្ពង់ខ្ពស់ ត្រចះត្រចង់ ប្រកបដោយសុខសន្តិភាពជានិរន្តរ៍ ៕ V / N