ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ បានបង្ហាញការគាំទ្រអង្គការ ILO ចំពោះគម្រោងដែលចង់ជួយ ដល់ការធ្វើឱ្យប្រសើរ នូវសុវត្ថិភាពធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូន របស់កម្មករ និយោជិត ដែលនេះឆ្លើយតបទាំងស្រុង ទៅនឹងអនុសាសន៍ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តល់ក្នុងអំឡុងពេល ចុះជួបសួរសុខទុក្ខបងប្អូន កម្មករ និយោជិត កន្លងមក។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក អិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បែបនេះ ធ្វើឡើង ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំ លើកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ នាសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។ ក្នុងពិធីនេះដែរ លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួល ជួបពិភាក្សាការងារ ជាមួយលោក Graeme Buckley នាយកការិយាល័យ អង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងសហការី នៅសណ្ឋាគារ ភ្នំពេញផងដែរ។
តាមរយៈលទ្ធផល នៃការអនុវត្តគម្រោងនានា នៃកិច្ចសហប្រតិបត្តិការ បានបង្ហាញថា ភាពជាដៃគូររវាង ក្រសួង និងអង្គការ ILO នៅតែមានភាពចាំបាច់ មិនអាចខ្វះបាន ដែលត្រូវតែខិតខំរួមគ្នា ក្នុងការបង្កើតនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរីកចម្រើន នៃសង្គមសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្រ្តី គាំទ្រឱ្យមានកិច្ចប្រជុំ នាដើមខែមេសានេះ ដោយមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំ កម្មវិធីការងារសមរម្យ ដំណាក់កាលទី៦ ស្របទៅតាមគោលនយោបាយ និង យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដែលនឹងដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណ សម្រាប់អាណត្តិទី៧។
លោក រដ្ឋមន្រ្តី ស្នើឱ្យគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា សហការជាមួយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបេឡាជាតិសន្តិសុខសង្គម ដែលមានយន្តការ ជាក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារ កម្មករ និយោជិត ដើម្បីបង្កើតឱ្យមានស្តង់ដាសមស្របមួយ កំណត់នូវមធ្យោបាយ ដឹកជញ្ជូនកម្មករ និយោជិត ប្រកបដោយសុវត្ថិភាព។
ពាក់ព័ន្ធនឹងគម្រោងនេះ ក៏មានការចូលរួមគិតគូពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាច្រើន ដែលក្នុងនោះ គណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ដែលចូលរួមផ្តល់មូលនិធិ សម្រាប់សុវត្ថិភាពផ្លូវថ្នល់ អង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF និងអង្គការ ILO និងអង្គការមូលនិធិរបួសអាស៊ី (AIP) ក៏បានធ្វើ សកម្មភាពផ្សព្វផ្សាយ ការយល់ដឹងជាច្រើនផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានសំដែងនូវការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់ អង្គការ ILO ដែលលោក Graeme Buckley បានលើកឡើងពីគំនិត ផ្តួចផ្តើម ចង់បង្កើតឱ្យមានគម្រោងជួយដល់ ការអភិវឌ្ឍជំនាញ ក្រោមកិច្ចសហការ ផ្តល់ហិរញ្ញប្បទាន ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ឱ្យអង្គការ ILO ធ្វើជាអ្នកសម្របសម្រួលគម្រោង នេះ ដោយមានអ្នកបច្ចេកទេស ជួយលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ទាំងការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។
លោក Graeme Buckley បានថ្លែងអំណរគុណ លោករដ្ឋមន្រ្តី និងសំដែង នូវការពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពលកន្លងមក ដែលទទួល បានលទ្ធផលជាផ្លែផ្កាល្អប្រសើរ៕ V / N