ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានព្រមានថា បរាជ័យក្នុងសមរភូមិបាឃ្មុតនឹងអាចអោយរុស្ស៊ីចាប់ផ្តើមទទួលបានការគាំទ្រអន្តរជាតិសំរាប់កិច្ចព្រមព្រៀងមួយដែលនឹងតំរូវអោយប្រទេសលោកធ្វើការសម្របសម្រួលដែលមិនអាចទទួលយកបាន។
ការព្រមាននេះកើតឡើងចំពេលមន្ត្រីអ៊ុយក្រែនកាលពីល្ងាចថ្ងៃពុធបានអះអាងថាកងកម្លាំងរុស្ស៊ីបានទទួលជោគជ័យបន្ថែមនៅក្នុងការប្រយុទ្ធគ្នានៅទីក្រុងបាឃ្មុតភាគខាងកើតអ៊ុយក្រែន តែថាយុទ្ធជនអ៊ុយក្រែននៅកាន់កាប់ទីតាំងរបស់ខ្លួននៅឡើយទេក្នុងសមរភូមិមួយដែលបានប្រើពេលជាច្រើនខែ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
វាក៏កើតឡើងចំពេលលោកហ្សេឡេនស្គី បានអញ្ជើញប្រជាធានាធិបតីចិន ស៊ី ជីនពីង មកធ្វើទស្សនកិច្ចអ៊ុយក្រែន ដើម្បីពិភាក្សាអំពីផែនការសន្តិភាពស្នើឡើងដោយចិន។
លោកហ្សេឡេនស្គី បាននិយាយថា បើទីក្រុងភាគខាងកើតនេះធ្លាក់ក្នុងដៃរុស្ស៊ីក្រោយការប្រយុទ្ធស៊ីសាច់ហុតឈាមដ៏អូសបន្លាយមួយ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីននឹង«លក់ជ័យជម្នះនេះទៅអោយលោកខាងលិច» ទៅអោយសង្គមរបស់លោក ទៅអោយចិននិងទៅអោយអ៊ីរ៉ង់។
«បើគាត់មានអារម្មណ៍ចង់បង្ហូរឈាមខ្លះទៀត ពេលយល់ថាយើងខ្សោយ គាត់នឹងជំរុញៗៗសង្គ្រាម»។
លោកក៏បានព្រមានថា ការបាត់បង់ទីតាំងណាមួយនៅដំណាក់កាលសង្គ្រាមនាពេលនេះអាចដាក់ជ័យជម្នះដែលរកបានមកដោយលំបាកទាំងអម្បាលម៉ានប្រឈមហានិភ័យ។«យើងមិនអាចបាត់បង់ដោយសារសង្គ្រាមនេះប្រៀបដូចជានំមួយដុំផ្សំឡើងដោយដុំជោគជ័យជាច្រើន គឺផ្សំឡើងដោយជោគជ័យតូចៗ ជំហានតូចៗ។សង្គមរបស់យើងនឹងមានអារម្មណ៍ថាធុញទ្រាន់ហើយជំរុញអោយខ្ញុំធ្វើការសម្របសម្រួលជាមួយពួកគេ»។
អ្នកខ្លះនៅអាម៉េរិក រួមទាំងអតីតប្រធានាធិបតី ដូណាល់ត្រា បានចោទសួរថាតើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងបន្តផ្គត់ផ្គង់អោយអ៊ុយក្រែននូវជំនួយយោធារាប់ពាន់លានដុល្លារទៀតឬ ហើយលោកហ្សេឡេនស្គី បានរម្ភថាសង្គ្រាមនេះអាចរងគ្រោះពីការផ្លាស់ប្តូរកម្លាំងនយោបាយនៅក្រុងវ៉ាស៊ីនតោន។
លោកបាននិយាយដូច្នេះថា«អាម៉េរិកដឹងច្បាស់ថា បើគេឈប់ជួយយើង យើងនឹងមិនឈ្នះទេ»។
ទីក្រុងជីករ៉ែបាឃ្មុតនិងបណ្តាទីប្រជុំជនជុំវិញនៅតំបន់ឧស្សាហកម្មដូណិតសខ៍ខាងកើតជាចំណុចការប្រយុទ្ធគ្នាខ្លាំងមួយចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមវាយចូលអ៊ុយក្រែនកាលពី១៣ខែមុន។តែមិនមានភាគីណាមួយដណ្តើមការគ្រប់គ្រងទាំងស្រុងទេ ហើយភាគីទាំងពីរបាត់បង់រងគ្រោះធ្ងន់ធ្ងរដូចគ្នា។
មន្ត្រីរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួននៅប្រយុទ្ធដណ្តើមកាន់កាប់ទីក្រុងនេះពីវិថីមួយទៅកាន់វិថីមួយក្នុងក្រុងបាឃ្មុត។អ្នកវិភាគយោធាអ៊ុយក្រែនបានទទួលស្គាល់ថា ទាហានរុស្ស៊ីចាប់ផ្តើមរុលទៅមុខពីមួយកន្លែងទៅមួយកន្លែងក្នុងទីក្រុងនេះ៕
ទាហានអ៊ុយក្រែននៅក្រុងបាឃ្មុត