ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ងាញការជឿជាក់ថា សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន អាចនឹងត្រូវបញ្ចប់ គ្រាន់តែត្រូវការពេលវេលាបញ្ចប់វា នៅពេលណាតែប៉ុណ្ណោះទេ។
សម្តេច បានបន្តថាៈ រុស្ស៊ី មិនអាចកម្ទេចអ៊ុយក្រែន ហើយ អ៊ុយក្រែន ក៏មិនអាច កម្ទេចរុស្ស៊ី បានដែរ ចុងក្រោយ នឹងមានការចរចា រកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមនេះ ។
សម្តេច បានបន្តថាៈ លោកប្រធានាធិបតីចិន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ហើយបានដាក់ចេញនូវយុទ្ធសាស្រ្ត សំដៅរកដំណោះស្រាយសន្តិភាព ដែលកម្ពុជា គាំទ្រ ជាមួយនឹងសំណើទាក់ទិននឹងការដោះស្រាយ បញ្ហាបញ្ចប់សង្គ្រាម តាមរយៈការចរចា ។
សម្តេចតេជោ បានបន្តថាៈ មិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបានទេ សម្តេចមិនជឿទាល់តែសោះ ។ អ៊ីចឹង សម្តេចមិនជឿថា រុស្ស៊ីអាចកម្ទេចអ៊ុយក្រែន ទាំងមូល ឬ អ៊ុយក្រែន ក៏មិនអាចកម្ទេចរុស្ស៊ីទាំងមូលនោះទេ។ ហើយ ណាតូ ក៏មិនអាចកម្ទេចរុស្ស៊ី ហើយ រុស្ស៊ី ក៏មិនអាចកម្ទេចប្រទេសសមាជិកណាតូបានទាំង អស់ដែរ។ នេះជាចំណុចដែលយើង ត្រូវឃើញ អ៊ីចឹងទេ លទ្ធភាពនៃការបញ្ចប់ ជម្លោះ រវាងរុស្ស៊ី និងអ៊ុយ ក្រែននោះ វានឹងកើតមាន ហើយវាក៏ចាប់ផ្ដើមចេញ ដំណើរហើយដែរ តាមរយៈការ សម្របសម្រួល ដោយអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងការសម្របសម្រួល ដោយប្រធានាធិបតីចិន ៕/V/R