ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងមូស្គូបាននិយាយកាលពីថ្ងៃពុធទី២៩មីនាថារុស្ស៊ីនឹងមិនផ្តល់ការជូនដំណឹងជាមុនដល់សហរដ្ឋអាម៉េរិកអំពីការសាកល្បងមីស៊ីលរបស់ខ្លួនខណៈយោធារបស់ខ្លួនបានចល័តមីស៊ីលឆ្លងទ្វីបនៅទូទាំងតំបន់ស៊ីបេរីក្នុងការសម្ញែងពីសមត្ថភាពនុយក្លេអ៊ែរដ៏ធំរបស់ប្រទេសនេះ ចំពេលមានការប្រយុទ្ធគ្នានៅអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីការបរទេសលោក សឺហ្គេ រីយ៉ាបកូវ (Sergei Ryabkov) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថារដ្ឋាភិបាលក្រុងមូស្គូបានបញ្ឈប់រាល់ការផ្លាស់ប្តូរព័ត៌មានជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្រោមសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរដែលនៅសល់ចុងក្រោយជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីរុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញានេះកាលពីខែមុន។
ទន្ទឹមនឹងការផ្អាកការចេញទិន្នន័យអំពីស្ថានភាពបច្ចុប្បន្ននៃកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសដែលត្រូវបានចេញផ្សាយជាទម្លាប់រៀងរាល់ប្រាំមួយខែម្តង ភាគីទាំងពីរក៏បានផ្លាស់ប្តូរការជូនដំណឹងជាមុនអំពីការបាញ់សាកល្បងនិងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ពួកគេផងដែរ។ ការជូនដំណឹងបែបនេះគឺជាធាតុសំខាន់នៃស្ថិរភាពជាយុទ្ធសាស្ត្រអស់ជាច្រើនទសវត្សរ៍មកហើយ ដែលអនុញ្ញាតឱ្យរុស្ស៊ីនិងសហរដ្ឋអាម៉េរិកបកស្រាយបានត្រឹមត្រូវនូវចំណាត់ការរបស់គ្នាទៅវិញទៅមក និងធ្វើឱ្យប្រាកដថាប្រទេសទាំងពីរនឹងមិនច្រឡំការបាញ់សាកល្បងថាជាការវាយប្រហារមីស៊ីល។
ការបញ្ចប់ការផ្លាស់ប្តូរព័ត៌មាននៅក្រោមសន្ធិសញ្ញានេះគឺជាការប៉ុនប៉ងមួយទៀតរបស់វិមានក្រឹមឡាំងដើម្បីបំបាក់ទឹកចិត្តលោកខាងលិចកុំឱ្យបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែនដោយចង្អុលទៅឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់រុស្ស៊ី។ ប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ទឹកដីនៃសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូគឺបេឡារូស។
លោកពូទីនបានផ្អាកសន្ធិសញ្ញា New STARTកាលពីខែមុន ដោយនិយាយថា រុស្ស៊ីមិនអាចទទួលយកការត្រួតពិនិត្យរបស់សហរដ្ឋអាម៉េរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនោះទេ នៅគ្រាដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តរបស់ខ្លួនគឺណាតូបានប្រកាសដោយបើកចំហថាបរាជ័យរបស់មូស្គូនៅអ៊ុយក្រែនគឺជាគោលដៅរបស់ពួកគេ។ រដ្ឋាភិបាលក្រុងមូស្គូបានសង្កត់ធ្ងន់ថា ខ្លួនមិនដកចេញពីសន្ធិសញ្ញានេះទាំងស្រុងទេ ហើយនឹងបន្តគោរពនូវលក្ខខណ្ឌស្តីពីអាវុធនុយក្លេអ៊ែរ ដែលសន្ធិសញ្ញានេះបានកំណត់៕
រុស្ស៊ីចល័តមីស៊ីលទូទាំងតំបន់ស៊ីបេរីនៅប៉ុន្មានថ្ងៃមកនេះ