ដោយៈ ប.ខុន / ភ្នំពេញៈ សម្រាស់ដែលគេបានដាក់ជាច្រើនគោលដៅ ដើម្បីចាប់ ត្រី នៅក្នុងទន្លេតូច ដោយខុសទៅនឹងច្បាប់ជលផល និងធ្វើឱ្យមានឧបស័គ្គ ដល់ការដឹកជញ្ជូនតាមផ្លូវទឹក នៃទន្លេតូច ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានក្រុមការងារចម្រុះ ធ្វើការទប់ស្កាត់ ដោយចំពោះមុខ ប្រើវិធានការអប់រំ និងធ្វើកចិច្ចសន្យារុះរើចេញវិញ។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជា ដឹង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថាៈ សម្រាស់ដែលគេដាក់ នៅក្នុងពោះទន្លេ ដើម្បីចាប់ត្រី នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង មានចំនួនប្រមាណជា ១០ កន្លែង ដោយមួយកន្លែងៗ មានទំហំប្រមាណជាង ១០ ក្រឡា ត្រូវបានក្រុម ការងារចម្រុះ មានជលផល អាជ្ញាធរ ឃុំស្រុក ចុះធ្វើការទប់ស្កាត់ហើយ។
នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅចំពោះមុខ ដោយមានសំណូមពរ ពីអាជ្ញាធរមូលដ្ឋាន ក្រុមការងារ បានសម្រេចធ្វើត្រឹម វិធានការ ស្រាវជ្រាវរកម្ចាស់ សម្រាស់មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យរុះរើចេញ ដោយខ្លួនឯង តាមកាលកំណត់បើមិនដូច្នេះទេ ក្រុមការងារ នឹងធ្វើការរុះរើ។ សម្រាស់ដែលគេបានដាក់ មានទំហំតូចៗទេ នៅកណ្តាលពោះទន្លេតូច តែដោយសារពេលនេះ ទឹកទន្លេនៅសល់តិច ធ្វើរាំងស្ទះ ដល់ការដឹកជញ្ជូន តាមផ្លូវទឹក។
ក្រុមការងារចម្រុះ ចុះធ្វើការទប់ស្កាត់ការដាក់សម្រាស់ ដើម្បីចាប់ត្រី នៅក្នុងទន្លេតូច ដោយខុសច្បាប់ជលផល និង ធ្វើឱ្យមានការប៉ះពាល់ ដល់ការធ្វើចរាចរ ដឹកជញ្ជូនតាមផ្លូវទឹកនេះ កើតមានឡើង បន្ទាប់ពីអ្នកជញ្ជូន តាមផ្លូវទឹក បង្ហោះរូបភាពភ្ជាប់ជាមួយសារ ដែលមានខ្លឹមសារខ្លីថា ទន្លេតូច ស្ថិត នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជួបផលលំបាកធ្ងន់ធ្ងរ ដោយសារបទល្មើស…។
លទ្ធផលដែលក្រុមការងារចម្រុះ បានអនុវត្តនៅថ្ងៃទី២៩ ខែមីនា បានធ្វើការរុះរើ សម្រាស់ជាក់ស្តែង បានចំនួន ៣ កន្លែង ស្មើនឹងទំហំ ៣០ម៉ែត្រ និង ៧កន្លែង បានធ្វើកិច្ចសន្យា ស្តីពីការឈប់ប្រព្រឹត្តបទល្មើសជលផល៕ V / N