ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិ ការ លើវិស័យទេសចរណ៍ ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញឱ្យមានការ ហោះហើរត្រង់ ជាមួយគ្នាខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលី មកកាន់កម្ពុជា ក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ ។
ការឯកភាពនេះ ត្រូវបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣។
លោក ថោង ខុន បានរំលឹកដល់ភាគីអូស្ត្រាលីពីគម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិវឌ្ឍសហគមន៍ ក្នុងនោះ សាកលវិទ្យាល័យ Sunshine Coast បានជួយឱ្យកម្ពុជា ជាប្រទេសមួយ នាំមុខក្នុងការអភិវឌ្ឍគម្រោងរៀបចំ ស្ដង់ដា សហគមន៍ទេសចរណ៍អាស៊ាន ដោយបានផ្ដល់ជាជំនួយបច្ចេកទេស។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីអូស្ត្រាលីថាៈ កាលពីឆ្នាំ២០០៧-២០១១ អង្គការទេសចរណ៍ពិភពលោក ធ្លាប់បានជួយដល់គម្រោងអភិរក្ស និងអភិវឌ្ឍន៍ សត្វផ្សោតទន្លេមេគង្គ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍ នៅតំបន់នោះ ក្នុងគោលដៅផ្លាស់ប្តូរមុខរបរអ្នកនេសាទ ឱ្យងាកមករកការផ្តល់សេវាទេសចរណ៍ ជំនួសមុខរបរនេសាទ នៅតំបន់សត្វផ្សោត។
ដូច្នេះ លោករដ្ឋមន្ត្រី បានស្នើភាគីអូស្ត្រាលី ជួយពិចារណាផ្តល់គម្រោងដូចនេះ នៅតំបន់សត្វផ្សោតទន្លេមេគង្គ ផងដែរ ព្រោះសត្វផ្សោត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ យ៉ាងសំខាន់ នៅតំបន់នោះ «គ្មានសត្វផ្សោត គឺគ្មានទេសចរ»។ ព្រមជាមួយនោះ លោករដ្ឋមន្ត្រី ក៏បានស្នើភាគីអូស្ត្រាលី ជួយសិក្សា ក្នុងការផ្ដល់នូវជំនួយនានា សម្រាប់អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ ដែលមានសក្តានុពលនៅកម្ពុជា ព្រោះរាជរដ្ឋភិបាលកម្ពុជាក៏បានបង្កើតឱ្យមានគណៈកម្មាធិការជាតិមួយ ដើម្បីអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ។
លើការងារផ្សព្វផ្សាយ លោករដ្ឋមន្ត្រី បានបន្តស្នើអូស្ត្រាលី ជួយផ្សព្វផ្សាយ ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើឡើងនៅកម្ពុជា នាពេលខាងមុខ ក្នុងឆ្នាំនេះ ដែលជាឆ្នាំទស្សនាកម្ពុជា ពិសេសគឺនៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ នឹងមានការប្រកួតកីឡាប្រពៃណី រួមចំណែកដល់ការផ្សព្វផ្សាយស៊ីហ្គេម ផងដែរ។
លោកក៏បានស្នើភាគីអូស្ត្រាលី បន្តពង្រឹងធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំនិងអនុវត្តគម្រោង ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កន្លងមក អូស្ត្រាលី បានទទួលឧត្តមមន្ត្រីកម្ពុជា ទៅចូលរួមការ បណ្ដុះបណ្ដាលរយៈពេល ៣ ខែ និងរយៈពេលវែង ឬខ្លីផ្សេងទៀត ក្នុងនោះ ក៏មាន អភិបាលរងខេត្ត នៅតាមតំបន់ឆ្នេរសមុទ្រផងដែរ។
ក្រៅពីនេះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមទៅកាន់អូស្ត្រាលី តាមរយៈ លោក Justin Kevin Whyatt ជួយពង្រឹងបច្ចេកទេស នៃការបណ្ដុះ បណ្ដាលសម្រាប់វិទ្យាស្ថានជាតិទេសចរណ៍ និងគ្រឹះស្ថានអប់រំទេសចរណ៍នានា ដែលកំពុង និងត្រៀមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍។
លោក Justin Kevin Whyatt បានប្ដេជ្ញាថា នឹងបន្តពង្រីកកិច្ចសហ ប្រតិបត្តិការបន្ថែម លើគ្រប់វិស័យ ជាមួយភាគីកម្ពុជា ពិសេសវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត ជួយជំរុញឱ្យមានជើង ហោះហើរត្រង់កម្ពុជា-អូស្ត្រាលី ដើម្បីសម្រួលការធ្វើដំណើរ របស់ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ រស់នៅអូស្ត្រាលី និងនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ និងសិក្សា យ៉ាងច្រើននៅអូស្ត្រាលី ។
ឆ្លើយតបបនឹងសំណើនេះ លោក Justin Kevin Whyatt បានទទួល ឯកភាពយល់ព្រម និងខិតខំជំរុញឱ្យបានក្នុងអាណត្តិបេសកកម្មរបស់លោក នៅកម្ពុជានេះ ហើយលោកនឹងជំរុញឱ្យមានហោះហើរត្រង់ រវាងកម្ពុជា-អូស្ត្រាលី។
គួរជម្រាបថា កន្លងទៅ និងពេលបច្ចុប្បន្ន អ្នកដំណើរដែលចង់ធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី គឺត្រូវប្ដូរជើងហោះហើរ ជាមួយសិង្ហបុរី ឬឥណ្ឌូណេស៊ី ឬក៏ទៅដល់ហុងកុង ក៏មាន។
តាមរយៈសំណើ និងកិច្ចសហប្រតិបត្តិការទាំងនេះ ភាគីកម្ពុជា និងអូស្ត្រាលី រំពឹងទុកថា នឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ បានមួយកម្រិតទៀត ព្រមទាំង ទាក់ទាញកំណើនភ្ញៀវទេសចរអូស្ត្រាលី ឱ្យមកទស្សនាកម្ពុជា បន្ថែមទៀតដែរ ខណៈកាលពីមុនពេលវិបត្តិកូវីដ១៩ កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអូស្ត្រាលី ប្រមាណជាង ១០ ម៉ឺននាក់៕ V / N