ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ FIFA បានប្រកាសកាលពីថ្ងៃពុធទី២៩មីនាថា ខ្លួនបានដកសិទ្ធិពីឥណ្ឌូណេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះវើលខាប់អាយុក្រោម២០ឆ្នាំក្នុងឆ្នាំនេះ ចំពេលមានភាពចលាចលនយោបាយជុំវិញការចូលរួមរបស់អ៊ីស្រាអែល។
FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានបញ្ជាក់លម្អិតថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ដោយសារតែកាលៈទេសៈបច្ចុប្បន្ន”។
ស្ថាប័នបាល់ទាត់ពិភពលោកមួយនេះបានបន្ថែមថា “ម្ចាស់ផ្ទះថ្មីនឹងត្រូវប្រកាសឆាប់ៗតាមដែលអាចធ្វើទៅបាន ជាមួយនឹងកាលបរិច្ឆេទនៃការប្រកួតនាពេលបច្ចុប្បន្ននេះនឹងមិនផ្លាស់ប្តូរឡើយ”។
ការចាប់ឆ្នោតសម្រាប់ការប្រកួតចំនួន ២៤ ក្រុមដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែឧសភា គ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះនៅកោះបាលី ប៉ុន្តែ FIFAបានលុបចោលព្រឹត្តិការណ៍នេះកាលពីសប្តាហ៍មុនដោយមិនបង្ហាញហេតុផលឬកំណត់កាលបរិច្ឆេទថ្មីទេ។
ឥណ្ឌូណេស៊ីនិងអ៊ីស្រាអែលមិនមានទំនាក់ទំនងការទូតជាផ្លូវការទេហើយការគាំទ្រសម្រាប់បុព្វហេតុប៉ាឡេស្ទីនក្នុងប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះកំពុងកើនឡើងយ៉ាងខ្លាំង ជាហេតុជំរុញឱ្យមានការប្រឆាំងនឹងការទទួលក្រុមជម្រើសជាតិអ៊ីស្រាអែល។
អភិបាលកោះបាលីក៏បានអំពាវនាវឱ្យបណ្តេញអ៊ីស្រាអែលចេញពីការប្រកួតផងដែរ ខណៈបាតុករមូស្លីមអភិរក្សនិយម១០០នាក់បានដើរដង្ហែក្នុងរដ្ឋធានីហ្សាការតាក្នុងខែនេះដើម្បីតវ៉ាចំពោះការចូលរួមរបស់អ៊ីស្រាអែល។
ក្រុមមន្ត្រីឥណ្ឌូណេស៊ីនៅដើមសប្តាហ៍នេះបាននិយាយថា ការខកខានក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះអាចបណ្តាលឱ្យមានការដាក់ទណ្ឌកម្ម ដែលនឹងធ្វើឱ្យពួកគេខ្ទាតចេញពីការប្រកួតបាល់ទាត់អន្តរជាតិផ្សេងទៀតរួមទាំងវគ្គជម្រុះវើលខាប់និងអេស៊ានខាប់ (Asian Cup)។
ពួកគេបាននិយាយថា ការបាត់បង់ការរៀបចំវើលខាប់នេះអាចបណ្តាលឱ្យមានការខាតសេដ្ឋកិច្ច ៦៦ លានដុល្លារ៕
ប្រជាជនឥណ្ឌូនេស៊ីស្រែកពាក្យស្លោកប្រឆាំងអ៊ីស្រាអែលក្នុងរដ្ឋធានីហ្សាការតា