ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាវាចម្លង(សាឡាង)ដែលផ្ទុកមនុស្សប្រមាណ២៥០នាក់បានឆេះនៅចន្លោះកោះហ្វីលីពីនកាលពីយប់ថ្ងៃពុធដោយបានសម្លាប់មនុស្សយ៉ាងតិច១២នាក់និងប្រាំពីរនាក់ទៀតកំពុងបាត់ខ្លួន នេះបើតាមការបញ្ជាក់ពីអភិបាលខេត្តម្នាក់កាលពីថ្ងៃព្រហស្បតិ៍។
មនុស្សជាច្រើនត្រូវបានជួយសង្គ្រោះដោយនាវានៃកងឆ្មាំសមុទ្រ កងទ័ពជើងទឹក នាវាចម្លងមួយនិងពួកអ្នកនេសាទ ក្រោយពួកគេលោតចេញពីនាវាចម្លងទាំងភិតភ័យចំពេលអណ្តាតភ្លើងឆាបឆេះពេញទំហឹង។
ជីម ហាតាម៉ាន់(Jim Hataman) អភិបាលខេត្តដែនកោះ បាលីឡាន(Basilan) បាននិយាយថាការងារស្វែងរកនិងសង្គ្រោះនៅបន្តធ្វើនៅថ្ងៃព្រហស្បតិ៍នៅពេលមនុស្សនៅបាត់ខ្លួនប្រាំពីរនាក់ទៀត។លោកថា មនុស្សនៅលើនាវាចម្លងMV Lady Mary Joy 3 នេះភាគច្រើនបំផុតត្រូវបានជួយសង្គ្រោះកាលពីពាក់កណ្តាលយប់ តែអាជ្ញាធរកំពុងផ្ទៀងផ្ទាត់តួលេខមកពីក្រុមជួយសង្គ្រោះផ្សេងៗគ្នា។
លោកថា អ្នកស្លាប់រួមមានក្មេងបីនាក់និងអ្នកដំណើរ២៣នាក់ទៀតរងរបួស ហើយអ្នកស្លាប់ភាគច្រើនបណ្តាលមកពីលង់ទឹកស្លាប់ក្រោយពីពួកគេលោតចូលក្នុងទឹក។នាវាដែលឆេះត្រូវបានអូសទៅកាន់ច្រាំងដើម្បីធ្វើការស៊ើបអង្កេត។
នាវាកើតហេតុនេះបានកំពុងធ្វើដំណើរទៅកាន់ទីប្រជុំជនចូឡូ(Jolo)ក្នុងខេត្តស៊ូលូ(Sulu)ដោយចេញពីទីក្រុង ហ្សាំបូអានហ្កា(Zamboanga)ពេលវាឆេះជិតពាក់កណ្តាលយប់ចំពេលអ្នកដំណើរខ្លះកំពុងដេកលក់។
រូបភាពផ្តល់ដោយកងឆ្មាំសមុទ្រហ្វីលីពីន បង្ហាញអគ្គិភ័យលើនាវាចម្លងនិងការជួយស្រង់មនុស្សពីទឹក
ឧបទ្ទវហេតុក្នុងសមុទ្រកើតមានជារឿយៗក្នុងកម្រងកោះហ្វីលីពីន ដោយសារតែជួបព្យុះ ទូកខ្វះការថែទាំ ដាក់មនុស្សហួសចំណុះនិងការអនុវត្តច្បាប់សុវត្ថិភាពនៅមានកំរិត ជាពិសេសនៅតាមបណ្តាខេត្តដាច់ស្រាយាល។រំលឹកថា កាលពីខែធ្នូឆ្នាំ១៩៨៧ នាវាចម្លងDona Pazបានលិចក្រោយបុកជាមួយនាវាដឹកប្រេង ដោយសម្លាប់មនុស្សជាង៤.៣០០នាក់៕