ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ បានលើកឡើង ពីការព្រមាន នៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ដោយស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ជាដើម។ ទោះបីមានការព្រមានបែបនេះក៏ដោយ សម្តេចតេជោ ហ៊ុន សែនបានបន្តអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ មិនគួរភ័យស្លន់ស្លោជ្រុល ហើយនាំគ្នា ទៅដកលុយចេញពីធនាគារនោះទេ។
សម្តេចតេជោ ហ៊ុន សែន រំពឹងថាៈ ប្រទេសមានសេដ្ឋកិច្ចធំៗ នៅក្នុងពិភពលោក នឹងរកបានវិធីសាស្ត្រគ្រប់គ្រងសេដ្ឋកិច្ច ដើម្បីកុំឲ្យធ្លាក់បន្ថែមទៀត។ សម្តេចបាន បន្តថាៈ ការធ្លាក់ចុះ នៃសេដ្ឋកិច្ចដោយសារវិបត្តិ នៃជំងឺកូវីដ១៩ គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មជាឯកតោភាគី បូកជាមួយបញ្ហាសង្គ្រាម ដែលចាប់ផ្តើម រវាង រុស្ស៊ី និងអ៊ុយក្រែន បានបង្កើតនូវស្ថានភាពដ៏អាក្រក់ សម្រាប់សេដ្ឋកិច្ចសកល។
សម្តេចតេជោ បានបន្តថាៈ ការព្រមាននោះ គឺវាជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែការ ព្រមាននោះ វាក្លាយជាចិត្តសាស្ត្រមួយដែរ សម្រាប់ប្រជាពលរដ្ឋ ដែលទៅដកលុយ ធនាគារអាមេរិក រលំមួយចំនួន ហើយមួយចំនួនទៀត គឺហាក់ដូចជាមានសញ្ញា ទៅដកលុយចេញពីធនាគារ ដែលនាំគ្នាដកច្រើនពេក ធ្វើឲ្យធនាគាររលំ ប៉ុន្តែកម្ពុជា មិនទាន់កម្រិតប៉ុណ្ណឹងទេ បើទោះបីជា មានការព្រមាន នៃការធ្លាក់ចុះ នៃសេដ្ឋកិច្ច ក៏ដោយចុះ ៕/V-PC