ដោយៈវ៉ៃកូ / ស្វាយរៀងៈ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាតំណាងលោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណយ៉ាងធំធេងដល់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល ធានាថែរក្សាការពារបានយ៉ាងរឹងមាំ នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។
លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោក និងលោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសផ្ទេរ ភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅ នៅស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានណែនាំដល់កងកម្លាំង អាជ្ញាធរឱ្យខិតខំ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅមូលដ្ឋានជាពិសេសសកម្មភាពជួញដូរ ចែកចាយប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានា នៅមូលដ្ឋានទូទាំងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅតាមមូលដ្ឋានរបស់ខ្លួន ។
សូមបញ្ជាក់ថា កម្មវិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នាពេលនេះ មានចំនួន ១២៣ នាក់ ក្នុងនោះ បំពាក់ឋានន្តរសក្តិ ចំនួន ៨០ នាក់ និងតែងតាំងមុខតំណែង ចំនួន ៤៣ នាក់ ៕/V-PC