​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ត្បូង​ពេជ្រ​ពណ៌​ស្វាយ​ដ៏​កម្រ ដែល​គេ​ហៅថា Eternal Pink និង​មាន​តម្លៃ ៣៥ លាន​ដុល្លារ​អាម៉េរិក នឹង​ត្រូវ​ដាក់​លក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន Sotheby’s ជា​ផ្នែក​នៃ​ការលក់​គ្រឿងអលង្ការ​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​ខែមិថុនា​។​

​ត្បូង​ពេជ្រ ១០,៥៧ កា​រ៉ាត់​នេះ​កំពុង​ត្រូវបាន​ឃោសនា​នៅលើ​ទីផ្សា​រថា​ជា​ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​លាយ​ស្វាយ​ថ្លៃ​បំផុត​មិន​ធ្លាប់​ដាក់​ដេញថ្លៃ​ពីមុនមក នេះ​បើ​យោង​តាម​ក្រុមហ៊ុន Sotheby’s ។​

​លោក ថម ម៉ូ​សសេស (Tom Moses) អនុប្រធាន​និង​ជា​ប្រធាន​មន្ទីរពិសោធន៍ និង​ជា​មន្ត្រី​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ត្បូង​វិទ្យា​អាម៉េរិកាំង (Gemological Institute of America) បាន​និយាយថា “​ម៉ូត​កែច្នៃ​ដ៏​ប្រណីត​របស់​វា​រួមផ្សំ​ជាមួយ​នឹង​ភាព​ដិត​នៃ​ពណ៌​របស់​វា​បាន​ធ្វើឱ្យ​វា​ក្លាយជា​ត្បូង​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភពលោក​”​។​

​យោងតាម Sotheby’s ត្បូង​ពេជ្រ​ដែល​ជីក​បាន​ក្នុងប្រទេស​បុត​ស្វា​ណានេះ គឺ “​អាច​ប្រៀបផ្ទឹម​បាន​ទៅ​នឹង​ស្នាដៃ​គំនូរ​ដ៏​អស្ចារ្យ​បំផុត ដូចជា​ផ្ទាំងគំនូរ Magritte ឬ Warhol” ដោយសារ​តែ​ភាព​ភ្លឺ​ច្បាស់​និង​ភាពល្អ​ឥត​ខ្ចោះ​របស់​វា​។​

​ពេជ្រ​ពណ៌​ផ្កាឈូក​លាយ​ស្វាយ​គឺជា​ពេជ្រ​ដ៏​កម្រ​និង​មាន​អ្នក​ចង់​បាន​បំផុត​នៅលើ​ពិភពលោក ហើយ​ត្រូវបាន​ចាត់ទុក​ជា​ការទាក់ទាញដ៏​សំខាន់​សម្រាប់​អ្នកវិនិយោ​គ​៕

​ត្បូង​ពេជ្រ Eternal Pink មានតម្លៃ ៣៥ លាន​ដុល្លារ​អាម៉េរិក​មុន​ការលក់​ដេញថ្លៃ