ដោយៈវ៉ៃកូ/ស្វាយរៀង៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចន្រ្ទានិងសមិទ្ធផលនានាដែលមានតម្លៃជាងកន្លះលានដុល្លារអាម៉េរិកត្រូវបានសម្ពោធនៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២៣ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ។

សមិទ្ធផលដែលសម្ពោធមាន អគារទីស្នាក់ការគណបក្សស្រុកមួយខ្នង កម្ពស់ពីរជាន់ប្រវែង ២៥ម៉ែត្រ គុណ ៣៧ម៉ែត្រ, ខ្លោងទ្វារ និងរបងក្រាលឥដ្ឋការ៉ូម៉ាបនៅបរិវេណខាងមុខអគារទីស្នាក់ការ,ស្តូបមិត្តភាពមួយ,រូបសំណាកអប្សរាមួយ,រូបសំណាកព្រាបស(ធំ)ចំនួនពីរ, ស្រះទឹកមួយុំ ,ដាំដើមត្នោត ដើមឈើ ,ចាក់ដីបំពេញទីធ្លា ,ការបំពាក់គ្រឿងបរិក្ខារ សង្ហារឹមនានា សរុប ៥៨០,០០០ ដុល្លារ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងសហការី ។

ថ្លែងក្នុងឱកាសនោះលោកស្រីអនុប្រធានគណបក្សបាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ជូនដល់សមាជិកទាំងអស់និងប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងដោយឡែកខេត្ត
ស្វាយរៀង។

ទាក់ទងនឹងសមិទ្ធផលលោកស្រីបានបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយទៀតនៅក្នុងស្រុកចន្ទ្រាដែលបម្រើឱ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន។អគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ ទុំខាងនយោបាយក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងជាប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខ សន្តិភាពពេញលេញជូនជាតិ និងមាតុភូមិ ។

ក្នុងឱកាសនេះលោកស្រី ម៉ែន សំអន បានរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋលើកិច្ចការចំនួន ពិសេសគឺ រួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល និងរបស់គណបក្ស ដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស មេឃុំ មេប៉ុស្តិ៍ ស្មៀន និងមេភូមិ ត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
អ្នកមានសិទ្ធបោះឆ្នោតត្រៀមខ្លួននិងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ២៣ កក្កដា ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា៕សរន / N