​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មីនា​ថា អា​រ៉ាប៊ីសាអូឌីត​បានយ​ល់​ព្រម​ចូលរួម​ជាមួយអ​ង្គ​ការ​សហប្រតិបត្តិការ​សៀង​ហៃ​ក្នុងនាម​ជា “​ដៃគូ​សន្ទនា​” ដែល​នេះ​ជា​ការបង្ហាញ​ចុងក្រោយ​បំផុត​នៃ​ទំនាក់ទំនង​នយោបាយ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន​។​

​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០១ ជា​អង្គការ​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ ដើម្បី​ប្រជែង​នឹង​ស្ថាប័ន​នានា​របស់​លោក​ខាងលិច​។​

​ក្រៅ​ពី​ចិន សមាជិក​ទាំង​ប្រាំបី​របស់ខ្លួន​គឺ​មានដូចជា ឥណ្ឌា ប៉ា​គី​ស្ថាន និង​រុស្ស៊ី ព្រម​ទាំង​ប្រទេស​អាស៊ី​កណ្តាល​ចំនួន ៤ រួមមាន កា​ហ្សាក់​ស្ថាន កៀហ្ស៊ី​ស៊ី​ស្ថាន អ៊ូ​ស​បេគី​ស្ថាន និង​តាជី​គី​ស្ថាន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អា​រ៉ាប៊ីសាអូឌីតបា​នរាយ​ការណ៍​ថា គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តីសម្រេច​នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​ដែល​ដឹកនាំ​ដោយ​ស្តេច​សាល់​ម៉ាន់ (Salman)​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា ចំណាត់ការ​នេះ​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​តនូវ “​ឋានៈ​ដៃគូ​សន្ទនា​នៅក្នុង​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​”​។​

​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ឋានៈ​ជា​អ្នក​សង្កេតការណ៍​ឬ​ដៃគូ​សន្ទនា រួម​មានអេ​ហ្ស៊ី​ប អ៊ីរ៉ង់ និង​កាតា​។​

​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​រី​យ៉ាត​ដើម្បី​ធ្វើ​ជា​ដៃគូ​ជាមួយ​ប្លុក​នេះ​បាន​កើតឡើង​តិចជាង​បី​សប្តាហ៍​បន្ទាប់ពី​ការបង្ហាញ​កិច្ចព្រមព្រៀង​ផ្សះផ្សា​ដែល​សម្របសម្រួល​ដោយ​ចិន​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ពេញលេញ​ឡើងវិញ ដែល​ត្រូវបាន​កាត់​ផ្តាច់​កាលពី​ប្រាំពីរ​ឆ្នាំមុន​។​

​គូប្រជែង​ដ៏​ជូរចត់​យូរអង្វែង គឺ​អ៊ីរ៉ង់​ដែល​កាន់​និកាយ​ស៊ី​អ៊ី​ត​ភាគច្រើន និង អា​រ៉ាប៊ីសាអូឌីត​ដែលកាន់​និកាយ​ស៊ុន​នី​ភាគច្រើន បាន​ចូលរួម​ក្នុង​ជម្លោះ​ប្រូក​ស៊ី (Proxy) ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​ក៏ដូចជា​ការប្រយុទ្ធ​គ្នា​អូសបន្លាយ​ពេល​យូរ​ក្នុងប្រទេស​យេ​ម៉ែន​។​

​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត​បាន​និយាយថា ខណៈ​ខ្លួន​បាន​ចូលរួម​ក្នុង​កិច្ចចរចា​ទ្វេភាគី​មុនៗ​ជាមួយ​រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់ ដំណើរការ​ផ្សះផ្សា​នេះ​ត្រូវបាន​ចាប់ផ្តើម​ដោយ​ការ​ផ្តល់​ជូន​ពី​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង កាលពី​ឆ្នាំមុន ដើម្បី​បម្រើ​ជា “​ស្ពាន​” រវាង​ប្រទេស​មជ្ឈិមបូព៌ា​គីឡូ​ធ្ងន់​ទាំងពីរ​។​

​តួនាទី​របស់​លោក​ស៊ី​ក្នុង​ទំនាក់ទំនង​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល ដោយហេតុ​ថា​អា​រ៉ាប៊ីសាអូឌីត​មានភាព​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទោះបីជា​ទំនាក់ទំនង​បាន​ស្ថិតក្រោម​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ ដោយសារ​ជម្លោះ​ជុំវិញ​សិទ្ធិមនុស្ស​និង​ការផលិត​ប្រេង​ក៏ដោយ​៕

​ចំណាត់ការ​នេះ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​តនូវ “​ឋានៈ​ដៃគូ​សន្ទនា​នៅក្នុង​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​”​