ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានណែនាំ ឱ្យមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចំណុះឱ្យគណៈបញ្ជាការឯកភាព ខណ្ឌទួលគោក ត្រូវលាងដៃឱ្យបានស្អាត ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានល្អ នៅក្នុងមូលដ្ឋាន ខណៈដែលកម្ពុជា នឹងត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ នាពេលខាងមុខនេះ។

ការណែនាំបែបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៦ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ ក្រោមអធិតីភាពលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក។

លោក ជា ពិសី បានមានប្រសាសន៍ថាៈ សំរាប់មន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ចំណុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ត្រូវអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អ ពោលគឺ ត្រូវដាក់កម្លាំងពួនស្ទាក់ ឆែកឆេរអាវុធ ជាតិផ្ទះ ដាក់កម្លាំងប្រចាំការជាប់ជានិច្ច។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តថាៈ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជារឿងសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ ដោយសារតែយើង ជិតប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីផង ជិតដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធី ទាំងនេះផង។ បន្ថែមពីនេះ មន្ត្រី និងកងកម្លាំងយើងទាំងអស់ ត្រូវលាងដៃឱ្យបាន ស្អាត ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខណ្ឌ បានបន្តទៀតថាៈ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែល្បាតនៅក្នុងមូលដ្ឋាន ជាប្រចាំ ដើម្បីបញ្ចេញសាច់ដុំ ឱ្យពួកអមិត្ត និងក្មេងទំនើង បានឃើញ កុំឱ្យពួកគេ ធ្វើសកម្មភាពអុកឡុកបំពុលសង្គមបាន ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នោះដែរ ក៏មានការប្រកាសតែងតាំងប្រធាន និងអនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារ ចំនួន ២ រូបផងដែរ ដែលក្នុងនោះ ត្រូវបានប្រកាសប្រគល់ភារកិច្ចជូន លោក សំ ភក្ដី ជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារដេប៉ូ ។ ទី២ បញ្ចប់ភារកិច្ច លោក ធុយ ចាន់ថន ពីអនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារសាមគ្គី និងបានប្រគល់ភារកិច្ច ជូនលោក មុំ សាមិត្ត រីហ្គ្រេន ជាអនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារសាមគ្គី ជំនួសវិញ៕ V / N