​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ស្ត្រី​វ័យ​២០​ឆ្នាំ​ម្នាក់​បាន​ឡើង​ទម្ងន់​ជិត​២៣០​គីឡូក្រាម ដោយសារ​តែ​កើត​ដុំ​គីស​អូវែរ​ទំហំ​ប៉ុន​ផ្លែ​ឪឡឹក​យក្ស​ពេញ​មួយឆ្នាំ​មកនេះ​។​

​ដោយ​មិន​ចង់​ដើរ​តាម​គន្លង​ម្តាយ​របស់​នាង ដែល​នាង​មើលឃើញ​តស៊ូ​យ៉ាង​វេទនា​ជាមួយ​នឹង​ជំងឺ​មហារីក ទីបំផុត​នាង អាល់​លី​សុន ហ្វី​ស័រ (Allison Fisher) បាន​ទទួល​ការ​វះកាត់​យក​ដុំ​គីស​នេះ​ចេញពី​ពោះ​របស់​នាង​នៅ​ឯ​មន្ទីរពេទ្យ Ascension St Vincent’s Riverside ក្នុង​ទីក្រុង​ជែក​សុន​វី​ល (Jacksonville) រដ្ឋ​ផ្លរីដា​។

​មុន​ពេល​វះកាត់ នាង​ហ្វី​ស័របា​ននិយាយថា មាឌ​របស់​នាង​ធំ​ពេក​រហូត​នាង​មាន​អារម្មណ៍​ថា​នាង​កំពុង​មាន​ផ្ទៃពោះ​កូន​១០​នាក់​។ នាង​មិន​អាច​ចំកោង​ខ្លួន ឬ​មើល​ឃើញ​ជើង​របស់​នាង​ទេ​។​

​ដុំ​គីស​អូវែ​គឺជា​សរីរាង្គ​មួយ​ផ្ទុក​ពេញ​ដោយ​សារធាតុ​រាវ ដែល​អាច​កើតឡើង​នៅក្នុង​ឬ​នៅលើ​ផ្ទៃ​នៃ​អូវែរ​។ ដុំ​គីស​នេះ​មាន​ប្រវែង​ប្រហែល ៥០ សង់ទីម៉ែត្រ និង​ទម្ងន់ ៤៧ គីឡូក្រាម ដែល​ស្មើនឹង​មួយ​ភាគ​ប្រាំ​នៃ​ទម្ងន់​ខ្លួន​របស់​នាង​។​

​នាង​ហ្វីស័​រតែងតែ​ប្រឈមមុខនឹ​ង​ការ​ឈឺពោះ ហើម​ពោះ ហើយ​ថែមទាំង​ធ្លាប់​មាន​រដូវ​ដ៏​ឈឺចាប់​ពេញ​មួយ​ឆ្នាំ​ទៀត​ផង​។ ប៉ុន្តែ​នាង​បាន​ឈប់​ទៅ​ជួប​គ្រូពេទ្យ​ដោយ​ខ្លាច​ចំណាយលុយ​អស់​ច្រើន ហើយ​សង្ឃឹម​ថា​វា​នឹង “​បាត់​ទៅ​វិញ​”​។​

​ដោយ​ដុំ​គីស​ត្រូវបាន​យកចេញ​តាមរយៈ​បច្ចេកទេស​រ៉ូបូត នាង​បាន​និយាយថា​វា​បាន “​ជួយសង្គ្រោះ​ជីវិត​នាង​” និង​ផ្តល់​ឱ្យ​នាង​នូវ​ជីវិត​ធម្មតា​សាជាថ្មី​។​

​នាង​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រាល​ជាង​មុន​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជា​មនុស្ស​ម្នាក់ ខ្ញុំ​អាច​ស្លៀក​សម្លៀក​បំពាក់​បាន ខ្ញុំ​អាច​ធ្វើ​អ្វី​ដែល​មនុស្ស​ធម្មតា​អាចធ្វើ​បាន​”​។​

​វេជ្ជបណ្ឌិត​បាន​និយាយថា ពួកគេ​ក៏​បាន​ជួយសង្គ្រោះ​លទ្ធភាព​មាន​កូន​របស់​នាង​ហ្វីស័រ​ផងដែរ ដោយ​ការ​ស្រាយ​អូវែរ​ខាងឆ្វេង​របស់​នាង ដែល​មាន​ទំហំ​ធម្មតា ប៉ុន្តែ​ត្រូវបាន​កៀប​ចំនួន​បី​ដង​៕

នាង អាល់​លី​សុន ហ្វី​ស័រ អាច​ស្លៀកពាក់​ឈុត​ដែល​នាង​ស្រឡាញ់ ក្រោយ​វះកាត់​ដុំ​គីស​អូវែរ​ទម្ងន់ ៤៧ គីឡូក្រាម