ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រហិតសាច់ដំរីនេះគឺទើបតែហួសកាលកំណត់ប្រើប្រាស់បីបួនពាន់ឆ្នាំប៉ុណ្ណោះ។ នោះគឺដោយសារតែវាមានសាច់សត្វដំរីម៉ាំមុតបណ្តុះឡើងវិញដែលវាជាប្រភេទសត្វផុតពូជកាលពី ១០.០០០ ឆ្នាំមុន។
សាច់បុរេប្រវត្ដិនេះត្រូវបានផលិតដោយក្រុមហ៊ុនសាច់បណ្តុះរបស់អូស្ត្រាលី ដែលទីបំផុតចង់លាយនិងផ្គូរផ្គងកោសិកាពីប្រភេទសត្វមិនធម្មតានេះដើម្បីបង្កើតសាច់ប្រភេទថ្មី។
អ្នកវិទ្យាសាស្ត្របានយកលំដាប់ DNAពីប្រូតេអ៊ីនសាច់ដុំដំរីម៉ាំមុត ហើយបំពេញចន្លោះប្រហោងដោយលេខកូដពីសត្វដំរីបច្ចុប្បន្ន ដែលជាសាច់ញាតិនៅរស់ជិតដិតបំផុតនឹងពូជដំរីម៉ាំមុត។
លំដាប់នេះត្រូវបានដាក់នៅក្នុងកោសិកាដើម Myoblastពីចៀម ដែលបានបង្កើតកោសិកាចំនួន ២០ ពាន់លាន ដែលជំនួសមកវិញគឺប្រើដើម្បីបណ្តុះសាច់ដំរីម៉ាំមុត។
ទោះយ៉ាងណា ត្បិតបង្កើតបាននូវអ្វីដែលពួកគេសង្ឃឹមថានឹងក្លាយជាសាច់ “មានរសជាតិឆ្ងាញ់” ក៏អ្នកជំនាញនៅតែខ្លាចខ្លាំងមិនហ៊ានបរិភោគវាទេក្នុងករណីដែលប្រូតេអ៊ីនបុរាណបង្កគ្រោះថ្នាក់ដល់ជីវិត។
សាស្ត្រាចារ្យ អឺនស៍ វ៉ូលថាំង (Ernst Wolvetang) ដែលបានផលិតប្រហិតជាមួយនឹងក្រុមហ៊ុន Vow បាននិយាយថា “យើងមិនបានឃើញប្រូតេអ៊ីននេះអស់រាប់ពាន់ឆ្នាំមកហើយ។ ដូច្នេះ យើងមិនដឹងថាតើប្រព័ន្ធភាពស៊ាំរបស់យើងនឹងមានប្រតិកម្មយ៉ាងណានោះទេ នៅពេលដែលយើងញ៉ាំវា”៕
សាច់ដំរីម៉ាំមុតបណ្តុះត្រូវបានច្នៃជាប្រហិត ទោះជាវាផុតពូជកាលពី ១០.០០០ ឆ្នាំមុន