ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានស្នងការសហភាពអឺរ៉ុបលោកស្រីអឺស៊ូឡា វ៉ុន ដឺ ឡេយិន( Ursula von der Leyen)បាននិយាយកាលពីថ្ងៃ៣០មីនាថា ចិនត្រូវតែដើរតួនាទីមួយក្នុងការជំរុញអោយមានសន្តិភាពសំរាប់អ៊ុយក្រែន និងតួនាទីរបស់ចិននៅក្នុងជម្លោះនេះមានសារសំខាន់ណាស់នៅក្នុងការពូនម្តុំទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។
អឺស៊ូឡា វ៉ុន ដឺ ឡេយិន
លោកស្រីបានបញ្ជាក់ថា ចិនដែលជាសមាជិកអចិន្ត្រៃយ៍មួយក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានការទទួលខុសត្រូវក្នុងការដើតួនាទីបែបស្ថាបនាមួយក្នុងការជំរុញសន្តិភាពមួយ ផ្អែកលើបូរណភាពទឹកដីរបស់អ៊ុយក្រែន ជាមួយនឹងការជំរុញអោយរុស្ស៊ីដកកងកម្លាំងចេញពីអ៊ុយក្រែន។
ថ្លែងនៅក្រុងព្រុចសែលមុនចេញដំណើរមកកាន់ទីក្រុងប៉េកាំងលោកស្រី វ៉ុន ដឺ ឡេយិន បាននិយាយថា« ផែនការសន្តិភាពណាមួយដែលនឹងពង្រឹងឧបសម្ពន្ធរបស់រុស្ស៊ីជាផែនការដែលទំនងជាមិនអាចធ្វើទៅបានទេ។យើងត្រូវតែច្បាស់លាស់លើចំណុចនេះ។របៀបដែលចិនទាក់ទងដោះស្រាយសង្គ្រាមរបស់ពូទីននៅអ៊ុយក្រែននឹងជាកក្តាកំណត់មួយសំរាប់ទំនាក់ទំនងសហភាពអឺរ៉ុបនិងចិន»។
ពួកអ្នកវិភាគសង្គ្រាមអ៊ុយក្រែនមើលឃើញថា ជម្លោះនេះមួយផ្នែកកើតចេញពីសម្ពន្ធភាពយោធាណាតូដឹកនាំដោយអាម៉េរិករួមមានសហភាពអឺរ៉ុបផង ដែលបានព្យាយាមពង្រីកខ្លួនមកកាន់ព្រំដែនរុស្ស៊ី ដែលជាបញ្ហាកង្វល់សន្តិសុខដ៏ធំសំរាប់រុស្ស៊ី។រដ្ឋាភិបាលទីក្រុងមូស្គូចង់រក្សាទុកអ៊ុយក្រែន ស៊ុយអែតនិងហ្វាំងឡង់ដែលជាប់ព្រំដែនខ្លួនអោយនៅជាប្រទេសអព្យាក្រិតមិនចូលបក្ខសម្ពន្ធយោធាណាមួយ តែក្រោយពីព្រមានមិនស្តាប់ រដ្ឋាភិបាលទីក្រុងមូស្គូគ្មានជំរើសណាក្រៅពីវាយយកទឹកដីបង្កើតតំបន់ទ្រនាប់។ឥឡូវសង្រ្គាមទំនងជាឈានដល់ទាល់ច្រកឬថាអាចផ្ទុះសង្រ្គាមនុយគ្លេអ៊ែរ ពួកគេ លោកខាងលិចបែរជាទម្លាក់ការទទួលខុសត្រូវលើចិនដែលជាភាគីមិនជាប់ពាក់ព័ន្ធទៅវិញ។
ជុំវិញជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ីនេះដែរ ប្រធានាធិបតីអ៊ុយក្រែន បានអញ្ជើញសមភាគីចិន ស៊ី ជីនពីង មកធ្វើទស្សនកិច្ចប្រទេសលោក ដោយថាពួកលោកមិនបានទាក់ទងគ្នាចាប់តាំងពីសង្គ្រាមចាប់ផ្តើមនិង«ត្រៀមជួបលោកនៅទីនេះ»។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAPកាលពីថ្ងៃអង្គារថា «ខ្ញុំចង់និយាយជាមួយគាត់»។
រដ្ឋាភិបាលចិនមិនបានឆ្លើយតបថាតើលោកស៊ីនឹងទៅធ្វើទស្សនកិច្ចអ៊ុយក្រែនតាមការអញ្ជើញដែរអត់។វាកើតឡើងបន្ទាប់ពីលោកស៊ីបញ្ចប់ដំណើរទៅជួបសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន។
នៅក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថារដ្ឋាភិបាលទីក្រុងប៉េកាំងរក្សាការទាក់ទងគ្រប់ភាគី រួមទាំងអ៊ុយក្រែន តែនៅមិនទាន់ទទួលបានព័ត៌មានស្តីពីការអញ្ជើញរបស់លោកហ្សេឡេនស្គី ទេ។
នៅពេលត្រូវបានសួរថាតើជំនួបរវាងស៊ីនិងហ្សេឡេនស្គី នឹងមានប្រយោជន៍ក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែនទេ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី បាននិយាយថាអាជ្ញាធររុស្ស៊ីវាយតំលៃខ្ពស់អំពីជំហរមានតុល្យភាពរបស់ចិនលើបញ្ហានេះ តែខ្លួនគ្មានសិទ្ធិណែនាំថាតើភាគីទាំងពីរគួរជួបគ្នាឬអត់ទេ…។
នៅក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយថា អាម៉េរិកគាំទ្រកិច្ចពិភាក្សារវាងស៊ីនិងហ្សេឡេនស្គី ៕
មុនដំណើរទស្សនកិច្ចរបស់ស៊ីទៅរុស្ស៊ីកាលពីសប្តាហ៍មុន មានការរំពឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងអាចត្រៀមផ្តល់សព្វាវុធដល់រុស្ស៊ី តែលោកស៊ីបានបញ្ចប់ដំណើរទស្សនកិច្ចដោយមិនបានប្រកាសដូច្នេះទេ