ដោយ:សុផល ភ្នំពេញ: ក្នុងនាមប្រទេសកម្ពុជា លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ នៅឯទីស្នាក់ការ កណ្តាលរបស់ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីក្រុងប៉ារីស៍កាលពីថ្ងៃទី២៩ខែមីនា។
ទីភ្នាក់ងារ AFD ត្រូវបាន តំណាងដោយលោកស្រី Marie Hélène Loison អគ្គនាយិការង និងលោក Cyrille Bellier ប្រធាននាយកដ្ឋាន អឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និងអាស៊ី។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីភ្នាក់ងារ AFD ដើម្បីពិភាក្សាគ្នាអំពីទិសដៅយុទ្ធសាស្រ្តរបស់ ទីភ្នាក់ងារ AFD នៅកម្ពុជា។
ការពិភាក្សាប្រចាំឆ្នាំនេះ ក៏មានការចូលរួមផងដែរពីតំណាងក្រសួងបច្ចេកទេសពាក់ព័ន្ធ និងសហគ្រាសសាធារណៈ ជាដៃគូរបស់ទីភ្នាក់ងារ AFD ។
កិច្ចពិភាក្សានេះគឺជាឱកាសដើម្បីរំលឹកអំពីភាពជាដៃគូយូរអង្វែងរវាងប្រទេសកម្ពុជា និង AFD និងកំណត់ទិសដៅសំខាន់ៗនៃផែនការសកម្មភាពសម្រាប់បណ្តាឆ្នាំខាងមុខ។ តាមរយៈកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាក្នុងឱកាសនោះ ទីភ្នាក់ងារ AFD បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឈរបស់ព្រះរាជាណាចក្រកម្ពុជា ដោយសន្យាផ្តល់ហិរញ្ញប្បទានដល់គម្រោងនានារហូត ដល់៤០០លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣-២០២៤ ដោយផ្តោតអាទិភាពលើវិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
យុទ្ធសាស្ត្ររបស់ទីភ្នាក់ងារ AFD សម្រាប់បណ្តាឆ្នាំខាងមុខមានគោលដៅគាំទ្រប្រទេសកម្ពុជាក្នុងកាអភិវឌ្ឍថាមពល កាបូន ទាប លើកកម្ពស់ភាពធន់របស់ដីចំពោះមុខការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយជ្រោមជ្រែងកម្ពុជា ក្នុង ការ ធ្វើសមាហរណកម្ម និងការប្រកួតប្រជែងក្នុងតំបន់ឲ្យបានកាន់តែប្រសើរ ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច បៃតង និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព។ យុទ្ធសាស្ត្រទាំងនេះឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព ហើយក៏ផ្តោតផងដែរលើបញ្ហាមួយចំនួន ដូចជានវានុវត្តន៍ យេនឌ័រ ការប្រែប្រួលអាកាសធាតុ ប្រសិទ្ធភាពថាមពល និងវិធីសាស្រ្ត “សុខភាពតែមួយ” (One Health)។
“នៅក្នុងឆ្នាំនៃការប្រារព្ធខួបលើកទី៣០នៃវត្តមាន AFD នៅកម្ពុជានេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ដៃគូកម្ពុជារបស់យើងមកកាន់ទីស្នាក់ការកណ្តាលរបស់ AFD ។ ការប្តេជ្ញាចិត្តបង្កើន ជំនួយទ្វេដងដល់ប្រទេសកម្ពុជា ពោលគឺរហូតដល់៤០០លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣-២០២៤ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏យូរអង្វែងរបស់យើង ដោយហេតុថា AFD ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាអាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា” នេះគឺជាប្រសាសន៍របស់លោកស្រី Sandrine Boucher នាយិកា AFD ប្រចាំកម្ពុជា។
ចំណែកលោក វង្សី វិស្សុត វិញបានបង្ហាញនូវភាព រីករាយចំពោះការ ពង្រីក ប្រតិបត្តិការ របស់ AFD នៅ កម្ពុជា។ លោកបានលើកឡើងថា៖ “ នៅពេលយើងឈានទៅកាន់ដំណាក់កាលមួយទៀតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម យើងមើលឃើញឱកាសសហការគ្នាកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា នៅពេលបច្ចុប្បន្ន និងទៅអនាគត។ យើងក៏សប្បាយចិត្តផងដែរចំពោះភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើងរៀងខ្លួន នៅក្នុងវិស័យអាទិភាព ពិសេសក្នុងវិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ”។
ការប្រជុំនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង Macron នៅ ទីក្រុង ប៉ារីស និងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក Rémy Rioux នាយកប្រតិបត្តិ AFD ដែលជាឱកាសដើម្បីបញ្ជាក់ឡើងវិញពីទំនាក់ទំនងល្អជាច្រើនឆ្នាំកន្លងមករវាង AFD និងកម្ពុជា។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ១៩៩៣ ទីភ្នាក់ងារ AFD បានផ្ដល់ហិរញ្ញប្បទានដល់គម្រោងចំនួន៩២ ក្នុងទំហំទឹកប្រាក់សរុប៩២៧លានអឺរ៉ូ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ជំនួយតាមវិស័យរបស់ AFD បានផ្តោតលើទឹក និង អនាម័យ(44%) កសិកម្ម(40%) ថាមពល(10%) និងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(9%)។
ក្នុងនាមជាក្រុមមួយ ទីភ្នាក់ AFD មានសាខាពីរ ដែលសកម្មនៅក្នុងប្រទេសកម្ពុជា ៖ ទី១ គឺស្ថាប័ន Proparco ដែលផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន ជាពិសេសវិស័យហិរញ្ញវត្ថុ ដោមានគម្រោងចំនួន១០កំពុងដំណើរការ ក្នុងទំហំទឹកប្រាក់សរុប១៤៣លានអឺរ៉ូ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះធ្វើការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុលើបញ្ហានានាដូចជា យេនឌ័រ អាកាសធាតុ និងការកែលម្អលទ្ធភាពទទួលបានទឹកស្អាត និងអគ្គិសនីនៅតំបន់ជនបទ។ ចំណែកទី២គឺជំនាញការបារាំង (Expertise France) ដែលផ្តល់ការគាំទ្របច្ចេកទេសរបស់ផ្នែក សាធារណៈបារាំងដល់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈកម្ពុជា ដូចជាក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក្រសួងអប់រំ យុវជន និងកីឡា៕សរន / N