ដោយ:បាយ័ន/សៀមរាបៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក ទៀប ប៊ុនឈួយ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ព្រមទាំងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោក ជា ណារ៉ាត់ អាយុ៣៣ឆ្នាំ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបរងគ្រោះដោយសាររលំប៉ាណូសង្កត់ កាលពីល្ងាចថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
នាឱកាសនេះដែរ លោកនាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ដែលបណ្ដាលឱ្យរងរបួសធ្ងន់យ៉ាងនេះ។ លោកបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
អំណោយមនុស្សធម៌ផ្តល់ជូនមា្នក់ៗទទួលបាន៖ អង្ករ មុង ភួយ សារុងក្រមា កន្ទេល មី ត្រីខ ទឹកត្រី និងថវិកាបួនសែនរៀល។ ជាមួយគ្នានោះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគងបានចូលរួមឧបត្ថម្ភបន្ថែមនូវថវិកាចំនួនពីរសែនរៀល និងលោកមេឃុំត្រពាំងធំថវិកាចំនួន បួនសែនរៀលផងដែរ៕សរន / N