បង្ហាញមុខ​ជនជាតិ​ចិន​៥​នាក់ ដែល​បង្ក​ហិង្សា​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម​

1092
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនជាតិ​ចិន​ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ មុននឹង​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក្រោយពី​ពួកគេ​បង្ក​ហិង្សា​ដោយ​ចេតនា អុកឡុក បង្កើត​ឲ្យ​មាន​ភាពចលាចល ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ទ្រព្យសម្បត្តិ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​កន្លងមក នៅ​ខេត្ត​ព្រះសីហនុ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង​៥​នាក់​ខាងលើ ក្រោយពី​កម្លាំង​សមត្ថកិច្ច​ស្នងការ​ខេត្ត​ព្រះ​សី​នុប​ង្ក្រា​ប​ចាប់ខ្លួនបាន បន្ទាប់ពី​ពួកគេ​បង្ក​ការអុកឡុក ដោយ​ចេតនា ខូចខាត​ទាំង​ទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់ ហើយ​ប្រគល់​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហើយ​មកដល់​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោម​ការឯកភាព​ពី​ក្រសួងមហាផ្ទៃ និង​សម្របសម្រួល​ផ្លូវច្បាប់​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​នោះ បានធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ជនជាតិ​ចិន​ទាំង​៥​នាក់ មុននឹង​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។​

​លោក​បន្តទៀតថា ជនជាតិ​ចិន​ទាំង​៥​នាក់​នេះ ក្រោយពី​បណ្តេញចេញ​ឲ្យ​វិល​ទៅ​ប្រទេស​ដើម​វិញ ហើយ​មិនអាច​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​សាជាថ្មី​ទៀតឡើយ​។​

​ក្នុងឱកាស​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​សំណូមពរ​ដល់ សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​សហការ​ផ្តល់​ពត៌មាន រាល់​ជនបរទេស​ដែល​លួច​ស្នាក់នៅ និង​ប្រព្រឹត្ត​បទល្មើស ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស របស់​ជនបរទេស​ទាំង​នោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម