ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ទាហានអ៊ុយក្រែនមួយក្រុមមានគ្នា៦៥នាក់បានបញ្ចប់ការហ្វឹកហាត់នៅអាម៉េរិកលើការប្រើប្រាស់ប្រព័ន្ធការពារអាកាសទំនើបភែតធ្រៀត(Patriot)និងបានវិលទៅកាន់អឺរ៉ុបវិញអស់ហើយ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍។
អ៊ុយក្រែនបានជំរុញម្តងហើយម្តងទៀតអោយអាម៉េរិកផ្តល់ប្រព័ន្ធការពារអាកាសបច្ចេកវិទ្យាខ្ពស់នេះដើម្បីជួយការពារប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសន្យាផ្តល់វាកាលពីឆ្នាំមុន ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ភែត រ៉ាយឌ័រ (Pat Ryder)បានប្រាប់អ្នកយកព័ត៌មានថា«នៅសប្តាហ៍នេះ ទាហានការពារដែនអាកាសអ៊ុយក្រែន៦៥នាក់ដែលហ្វឹកហាត់នៅបន្ទាយហ្វដស៊ីល(Fort Sill)ក្នុងរដ្ឋអូក្លាហូម៉ា( Oklahoma)បានវិលទៅអឺរ៉ុបវិញហើយ»។
«ពួកគេត្រូវបានបញ្ចូលទៅក្នុងកងការពារដែនអាកាសអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារអាកាសPatriotដែលជាជំនួយរបស់អាម៉េរិក អាល្លឺម៉ង់និងហូឡង់»។
បើតាមឧត្តមសេនីយ៍ រ៉ាយឌ័រ ទាហានអ៊ុយក្រែនជាង៧.០០០នាក់ត្រូវបានបញ្ជូនមកហ្វឹកហាត់នៅអាម៉េរិកចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសក្បែរខាងខ្លួនកាលពីខែកុម្ភៈឆ្នាំ២០២២។
ផលិតដោយក្រុមហ៊ុនរ៉េធីអន(Raytheon) សព្វាវុធMIM-104 Patriotជាប្រព័ន្ធកាំជ្រួចបាញ់ស្កាត់ពីដីទៅអាកាសដែលកាលពីដំបូងគេផលិតវាឡើងក្នុងបំណងស្ទាក់កំទេចយន្តហោះល្បឿនលឿន។វាត្រូវបានកែសម្រួលនៅទសវត្សរ៍១៩៨០ដោយផ្តោតលើការគំរាមថ្មីគឺកាំជ្រួចផ្លោងកលយុទ្ធ និងត្រូវបាននាំទៅប្រើប្រឆាំងនឹងកាំជ្រួចស្កុត(Scuds)ផលិតនៅរុស្ស៊ីនៅអ៊ីរ៉ាកក្នុងសង្គ្រាមឈូងសមុទ្រលើកដំបូង៕
អ៊ុយក្រែនបានជំរុញអោយអាម៉េរិកផ្តល់ប្រព័ន្ធកាំជ្រួចPatriotដល់ខ្លួន ដើម្បីការពារទល់នឹងការវាយប្រហារដោយកាំជ្រួចរុស្ស៊ី