ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គប្រឹក្សាយោបល់ដ៏ធំមួយក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ទី៣០មីនាបានចោទប្រកាន់លោក ដូណាល់ ត្រាំជុំវិញការបង់ប្រាក់បំបិទមាត់ដែលបានធ្វើឡើងចំពោះតារាអាសអាភាសមួយរូប ដោយធ្វើឱ្យគាត់ក្លាយជាអតីតប្រធានាធិបតីអាម៉េរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។
ការចោទប្រកាន់ជាប្រវត្តិសាស្ត្រមកលើសមាជិកគណបក្សសាធារណរដ្ឋអាយុ ៧៦ ឆ្នាំរូបនេះ ដែលបានបដិសេធរាល់ការខុសឆ្គងទាក់ទងនឹងការបង់ប្រាក់បំបិទមាត់មុនការបោះឆ្នោតឆ្នាំ ២០១៦ដែលបានបញ្ជូនគាត់ទៅសេតវិមាននោះ ប្រាកដណាស់ថានឹងប៉ះពាល់ដល់ការប្រជែងតំណែងប្រធានាធិបតីបច្ចុប្បន្នដែលត្រាំសង្ឃឹមថានឹងចូលកាន់តំណែងឡើងវិញនៅឆ្នាំក្រោយ។ហើយវានឹងចារជារៀងរហូតនូវកេរដំណែលរបស់អតីតមេដឹកនាំរូបនេះ ដែលបានរួចខ្លួនពីការចោទប្រកាន់ពីសភាចំនួនពីរដងនិងទប់ទល់ជាប់ជាមួយនឹងក្រុមរដ្ឋអាជ្ញានៅចំពោះមុខរឿងរ៉ាវគ្រប់យ៉ាងរាប់ចាប់ពីកុបកម្មលើវិមានកាពីតូលរបស់សហរដ្ឋអាម៉េរិករហូតដល់ការបាត់ឯកសារសម្ងាត់ បែរជាមកជាប់កុនក្តីនៅតុលាការជុំវិញរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងតារាសិច ស្តមមី ដានៀល (Stormy Daniels) អាយុ ៤៤ ឆ្នាំទៅវិញ។
រដ្ឋអាជ្ញានៅសង្កាត់ម៉ាហាថែន (Manhattan) ទំនងជានឹងស្នើឱ្យលោកត្រាំប្រគល់ខ្លួននិងប្រឈមមុខនឹងការកាត់ក្តី ខណៈបទឧក្រិដ្ឋប្រឆាំងនឹងគាត់គ្រោងនឹងលាតត្រដាងនៅក្នុងសវនាការ នេះបើយោងតាមកាសែត The New York Times ដែលបានស្រង់សម្តីពីមនុស្សបួននាក់ដែលដឹងអំពីបញ្ហានេះ។
លោកត្រាំបានថ្កោលទោសការចោទប្រកាន់នេះថាជា “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត” ហើយបានសច្ចាថារឿងនេះនឹងត្រឡប់បកទៅរកអ្នកស្នងតំណែងរបស់គាត់វិញគឺលោក ចូ បៃដិន ខណៈកូនប្រុសរបស់អតីតប្រធានាធិបតី ឈ្មោះ អេរិក (Eric) បានរិះគន់ខ្លាំងៗចំពោះ “ពួកឱកាសនិយមដែលតែងធ្វើបាបគូប្រជែងនយោបាយ”។
ទន្ទឹមនឹងនោះ មេធាវីរបស់នាងដានៀលបានស្វាគមន៍ព័ត៌មាននេះថាជាភស្តុតាងបង្ហាញថា “គ្មាននរណាម្នាក់ឈរពីលើច្បាប់បានឡើយ”។
លោកស្រី ក្លាក ព្រូស្ទើ (Clark Brewster) បានសរសេរនៅលើ Twitter ថា “ការចោទប្រកាន់លោក ដូណាល់ ត្រាំ មិនមែនជាហេតុផលសម្រាប់សេចក្តីរីករាយនោះទេ។ ឥឡូវនេះសូមឱ្យសេចក្ដីពិតនិងយុត្តិធម៌ឈ្នះទៅចុះ”។
ប្រធានសភា លោក ខេវិន ម៉ាកខាធី (Kevin McCarthy) មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា ការចោទប្រកាន់នេះបានធ្វើឱ្យប្រទេស “ខូចខាតមិនអាចជួសជុលបាន”៕
លោកត្រាំប្រឈមការចោទប្រកាន់ពីបទបង់ប្រាក់បំបិទមាត់នាងដានីញែលមុនការបោះឆ្នោតឆ្នាំ២០១៦