ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សភាតួកគីកាលពីថ្ងៃព្រហស្បតិ៍ទី៣០មីនាបានផ្តល់សច្ចាប័នលើពាក្យសុំរបស់ហ្វាំងឡង់ដើម្បីចូលរួមជាមួយអង្គការណាតូដោយបានដកចេញនូវឧបសគ្គចុងក្រោយបំផុតនៅក្នុងរបៀបនៃការចូលជាសមាជិករបស់ប្រទេសន័រឌីក (Nordic)មួយនេះទៅក្នុងសម្ពន្ធមិត្តយោធាលោកខាងលិច។
សមាជិកសភាទាំង ២៧៦ រូបដែលមានវត្តមាន បានបោះឆ្នោតគាំទ្រពាក្យសុំរបស់ហ្វាំងឡង់ គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីសភាហុងគ្រីក៏បានអនុម័តការចូលជាសមាជិករបស់រដ្ឋាភិបាលក្រុងហ៊ែលស៊ីនគី (Helsinki) ផងដែរ។
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺក (Jens Stoltenberg) បានសរសេរនៅលើ Twitter ដើម្បីស្វាគមន៍សកម្មភាពរបស់តួកគីថា”នេះនឹងធ្វើឱ្យគ្រួសារណាតូទាំងមូលកាន់តែរឹងមាំនិងមានសុវត្ថិភាពជាងមុន”។
ដោយមានការព្រួយបារម្មណ៍ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីមួយឆ្នាំមុន ហ្វាំងឡង់និងស៊ុយអែតបានបោះបង់ចោលគោលនយោបាយមិនចូលបក្សសម្ពន្ធរាប់ទសវត្សរ៍របស់ពួកគេ ហើយបានដាក់ពាក្យសុំចូលរួមសម្ពន្ធភាពនេះ។
ការឯកភាពពេញលេញគឺតម្រូវឱ្យមានដើម្បីទទួលយកសមាជិកថ្មីចូលទៅក្នុងសម្ពន្ធភាពដែលមានសមាជិក ៣០ហើយតួកគីនិងហុងគ្រីគឺជាសមាជិកពីរចុងក្រោយរបស់ណាតូដែលផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ហ្វាំងឡង់។
ពាក្យសុំរបស់ស៊ុយអែតដើម្បីចូលរួមសម្ពន្ធភាពនេះត្រូវបានទុកចោល ខណៈទាំងតួកគីនិងហុងគ្រីនៅតែមិនទាន់យល់ព្រមផ្តល់ភ្លើងខៀវដល់ប្រទេសនេះបើទោះបីជាបង្ហាញការគាំទ្រចំពោះការពង្រីករបស់ណាតូក្តី៕
សមាជិកសភាទាំង ២៧៦ រូបដែលមានវត្តមាន បានបោះឆ្នោតគាំទ្រពាក្យសុំរបស់ហ្វាំងឡង់