ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមអ្នកស៊ើបអង្កេតរបស់កងទ័ពអាម៉េរិកកំពុងព្យាយាមកំណត់រកមូលហេតុដែលបណ្តាលឱ្យឧទ្ធម្ភាគចក្រជម្លៀសវេជ្ជសាស្ត្រ Black Hawk ពីរគ្រឿងធ្លាក់ក្នុងអំឡុងសមយុទ្ធហ្វឹកហាត់ពេលយប់នៅក្នុងរដ្ឋកេនថាក់គី (Kentucky) ដោយសម្លាប់ទាហានទាំងប្រាំបួននាក់នៅលើនោះ។ គ្មាននរណាម្នាក់រងរបួសនៅលើដីទេ។
លោក ណុនឌីស ធឺមែន (Nondice Thurman) អ្នកនាំពាក្យរបស់បន្ទាយហ្វតខេមប៊ែល (Fort Campbell) បាននិយាយថាការស្លាប់នេះបានកើតឡើងកាលពីយប់ថ្ងៃពុធទី២៩មីនានៅភាគនិរតីនៃរដ្ឋកេនថាក់គីក្នុងអំឡុងបេសកកម្មហ្វឹកហាត់ជាប្រចាំ។
សេចក្តីថ្លែងការណ៍មួយពីបន្ទាយហ្វតខេមប៊ែលបានឱ្យដឹងថា ឧទ្ធម្ភាគចក្រ HH-60 Black Hawk ពីរគ្រឿង ដែលជាផ្នែកមួយនៃកងពលធំជើងអាកាសលេខ ១០១ បានធ្លាក់នៅម៉ោងប្រហែល ១០ យប់ថ្ងៃពុធនៅតំបន់ទ្រីកខោនធី (Trigg County) នៅភាគនិរតីរដ្ឋកេនថាក់គី។ កងពលធំជើងអាកាសលេខ ១០១ បានបញ្ជាក់ពីការធ្លាក់នេះនៅប្រហែល ៤៨គីឡូម៉ែត្រពីភាគពាយព្យនៃបន្ទាយហ្វតខេមប៊ែល។
ឧត្តមសេនីយ៍ទោ ចន លូបាស (John Lubas) មេបញ្ជាការរងនៃកងពលធំជើងអាកាសលេខ ១០១ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧទ្ធម្ភាគចក្រមួយមានមនុស្ស៥នាក់ជិះលើនោះ ហើយមួយទៀតមានបួននាក់។ លោកលូបាសបាននិយាយថា ឧទ្ធម្ភាគចក្របានធ្លាក់ក្នុងទីវាលក្បែរតំបន់លំនៅឋានមួយ ដោយមិនមានអ្នករបួសនៅលើដីទេ។
អ្នកនាំពាក្យកងទ័ពបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើឧទ្ធម្ភាគចក្របានបុកគ្នានៅលើអាកាសឬយ៉ាងណាទេ៕
ក្រុមមន្ត្រីយោធាធ្វើសន្និសីទកាសែតនៅបន្ទាយហ្វតខេមប៊ែលកាលពីថ្ងៃព្រហ្បតិ៍អំពីការធ្លាក់ឧទ្ធម្ភាគចក្រ