ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ មនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅពេលគម្របអណ្តូងនៅក្នុងវត្តសាសនាហិណ្ឌូមួយដែលមានមនុស្សចូលណែនបានបាក់ទម្លាក់មនុស្សជាច្រើនចូលក្នុងទឹកអណ្តូង។ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋម៉ាតយ៉ា ប្រាដែស របស់ឥណ្ឌាភាគកណ្តាល។
ពួកអ្នកជួយសង្គ្រោះបានព្យាយាមជួយមនុស្សយ៉ាងតិច១៦នាក់ដែលបានជាប់និងរងរបួសនៅក្នុងអណ្តូងនៅជាយវត្តស្រ៊ី ប៊ីឡេសវ៉ា ម៉ាហាដេវ ជូលីឡាល់(Shri Bileshwar Mahadev Jhulelal)ក្នុងទីក្រុងអ៊ីនដ័រ(Indore)។ក្នុងពេលជួយសង្គ្រោះទឹកត្រូវបានបូមចេញ។
សូមបញ្ជាក់ថា វត្តនេះក៏ដូចជាវត្តសាសនាហិណ្ឌូដទៃទៀតនៅឥណ្ឌា គឺពោរពេញដោយអ្នកគោរពបូជ្ញាក្នុងពេលឥណ្ឌាប្រារព្វបុណ្យសាសនាហិណ្ឌូមួយហៅថា រ៉ាម ណាវ៉ាមី(Ram Navami)ដែលជាបុណ្យចំរើនព្រះជន្ម ព្រះរ៉ាម។
នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី បានចូលរួមសម្តែងមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងថាលោកមានការឈឺចាប់ជាខ្លាំងចំពោះហេតុការណ៍នៅក្រុងអ៊ីនដ័រ។
រដ្ឋាភិបាលមូលដ្ឋាននឹងធ្វើការស៊ើបអង្កេតនិងថាគ្រួសារជនរងគ្រោះក្នុងគ្រោះថ្នាក់នេះនឹងទទួលបានសំណង៕
អ្នកជួយសង្គ្រោះនិងបុគ្គលិកសន្តិសុខសែងជនរងគ្រោះក្នុងហេតុការណ៍បាក់គម្របអណ្តូងនៅក្រុងអ៊ីនដ័រកាលពីថ្ងៃ៣០មីនា